ចិន នឹងកាត់បន្ថយពន្ធឈើ និងក្រដាស ពីប្រទេសនូវែលហ្សេឡង់ ចាប់ពីថ្ងៃទី ៧ មេសា

អន្តរជាតិ

ក្រសួងហិរញ្ញវត្ថុ បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិន នឹងធ្វើឱ្យមានភាពប្រសើរឡើង ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងរដ្ឋាភិបាលទីក្រុងវេលលីងតុន ដើម្បីលុបបំបាត់ពន្ធលើផលិតផលឈើ និងក្រដាសចំនួន ១២ ប្រភេទ ដែលនាំចូលពីប្រទេសនូវែលហ្សេឡង់ ចាប់ពីថ្ងៃទី ៧ ខែមេសាតទៅ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចព្រមព្រៀងមួយ ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលប្រទេសទាំង ២ កាលពីខែមករា ដើម្បីធ្វើឱ្យ​ប្រសើរ​ឡើងនូវកតិកាសញ្ញាពាណិជ្ជកម្មសេរី ដែលមានស្រាប់របស់ប្រទេសទាំងពីរ ដែលអនុញ្ញាតឱ្យ ៩៩% នៃពាណិជ្ជកម្មឈើ និងក្រដាស តម្លៃ ៣ ពាន់លានដុល្លារ របស់ប្រទេសនូវែលហ្សេឡង់ ដែលនាំចូលមកកាន់ប្រទេសចិន ដោយមិនត្រូវបានគិតពន្ធឡើយ ក្នុងរយ:ពេលអនុវត្ត ១០ ឆ្នាំ​។

គួរឱ្យដឹងថាផលិតផល ដែលត្រូវបានលើកលែងពន្ធ មានដូចជាក្រដាសអនាម័យ ឬក្រដាសជូតមុខ និងក្រដាសដែលប្រើប្រាស់ សម្រាប់ការសរសេរ នឹងត្រូវកាត់បន្ថយពន្ធមកសល់ត្រឹម ៦,៨% និង ៤,៥% ចាប់ពីថ្ងៃទី ៧ ខែមេសា ពីអត្រាពន្ធបច្ចុប្បន្ន ៧,៥% និង ៥% ហើយនឹងត្រូវបន្តកាត់បន្ថយជាបណ្តើរៗ ដើម្បីឈានដល់កម្រិតសូន្យ នៅពេល ១០ ឆ្នាំខាងមុខ ។

បញ្ជាក់ផងដែរថា ប្រទេសចិនបានលុបចោល ឬកាត់បន្ថយពន្ធលើពន្ធឈើ និងក្រដាសចំនួន ៧៥ សម្រាប់ផលិតផលរបស់ប្រទេសនូវែលហ្សេឡង់ ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-នូវែលហ្សេឡង់ (FTA) ត្រូវចូលជាធរមាន ក្នុងឆ្នាំ​ ២០០៨ ៕

ប្រភព: CNA