រយៈពេល២ឆ្នាំ​ សហគមន៍នេសាទ​សសរស្តម្ភ​​នៅ​សៀម​រាប ដាំកូន​ឈើ​​​លិចទឹ​កបាន​​៧០ហិក​តា

សង្គម​ និង​សេដ្ឋកិច្ច

រយៈពេល២ឆ្នាំ ពោលគឺនៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ សហគមន៍នេសាទសសរស្តម្ភ​ក្នុង​ខេត្ត​សៀមរាប ដាំកូន​ឈើ​​លិច​​ទឹកបានចំនួន៧០ហិកតា ក្នុងនោះឆ្នាំ២០២០ ដាំបាន៤០ហិកតា និង ឆ្នាំ​២០​២១ ដាំបាន៣០ហិកតា។ នេះបើតាមការបញ្ជាក់ថា លោក ពីង ឆុង ប្រធានសហគមន៍នេសាទសសរស្តម្ភ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ពីង ឆុង ប្រធានសហគមន៍នេសាទសសរស្តម្ភ បានបញ្ជាក់ថា ដោយទទួលបាន​ការជួយឧបត្ថម្ភ​ពីក្រសួងបរិស្ថាន​​តាមរយ:គម្រោង រ៉េតបូក សហការជាមួយនាយកដ្ឋានសហគមន៍ និងអភិរក្សជលផល​​នៃរដ្ឋបាលជលផល ក្រសួង​កសិ​​កម្ម​ រុក្ខាប្រមាញ់ និងនេសាទ បង្កើតជាសួនបណ្តុះ​កូនឈើព្រៃលិច​ទឹក​មានកូនរាំង កូនរំដេញ ច្រកែង ផ្កោល និង​​កូនឈើកន្សែង សរុបបានចំនួន៥​ម៉ឺន​កូន។

ទោះជាយ៉ាងណា លោក ពីង ឆុង ក៏បានលើកឡើង ដោយ​ត្អូញត្អែរ​ពីបញ្ហាលំបាកមួយ​​ចំនួនដែរ​​ដូចជា​ខ្វះមធ្យោបាយ​​ធ្វើ​​ដំណើរ​​​ទាំង​​ក្នុង​ទឹក និងលើ​គោក ​សម្រាប់ធ្វើការងារល្បាត ពិនិត្យមើល​បទល្មើស​ក្នុង​ដែនសហគមន៍ ប្រេងឥន្ទន: និង​ថវិកា​សម្រាប់​ធ្វើ​ការពង្រីកការងារដាំ និងបណ្តុះកូនឈើ ។

ជាមួយគ្នានេះ នៅដំណើរចុះពិនិត្យស្ថានីយបណ្តុះកូនឈើព្រៃលិចទឹករបស់​ខ័ណ្ឌរដ្ឋបាលជលផល​សៀនរាន ស្ថិតនៅ​ភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០​២២ លោក វេង សាខុន រដ្ឋមន្ត្រី​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានណែនាំឲ្យលោក​ប្រធានសហគមន៍ មន្រ្តីជំនាញរដ្ឋបាលជលផល និងមន្ទីរ​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាខេត្ត ត្រូវ​បង្កើន​ការយកចិត្តទុកដាក់បន្ថែមទៀត​លើការងារបណ្តុះកូនឈើ​លិចទឹកឲ្យ​​បានច្រើន ធ្វើយ៉ាង​ណាឆ្លើយ​​តបឲ្យបានតាមតម្រូវការបន្ទាន់​ចំពោះកូនឈើលិចទឹក​ដើម្បីយក​ទៅដាំលើដីដែល​ដក​ហូត​បាន​បទល្មើសនៃការកាប់ ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក យកមកកាន់កាប់ធ្វើជាកម្មសិទ្ធិខុស​ច្បាប់ក្នុង​ដែលសមត្ថកិច្ចក្នុង​​ខេត្តសៀមរាប។

ដោយឡែក លោក វេង សាខុន ក៏ណែនាំដល់​រដ្ឋបាលជលផលគួរតែស្វែងរកដៃគូបន្ថែម​ដើម្បីជួយ​ដល់ការងារ​អភិវឌ្ឍ​សហគមន៍នេសាទទាំងលើការងារបច្ចេកទេស ការងារល្បាត សួនបណ្តុះកូនឈើ ការបង្រ្កាបបទល្មើស និងវារីវប្បកម្ម។

តាមរបាយការណ៍របស់រដ្ឋបាលជលផល បានឲ្យដឹងថា ខេត្តទាំង៦ ដែលនៅជាប់បឹងទន្លេសាប មាន​សួន​បណ្តុះកូនឈើ​​ចំនួន ៧កន្លែង និងបាន​ប​ណ្តុះកូនឈើចំនួន១សែនកូន។ បច្ចុប្បន្ន បាននិង​កំពុង​​រំដោះកូនឈើព្រៃ​លិចទឹកទាំង​នោះ​​យក​​ទៅដាំនៅលើដីដែលបាន​​ដកហូតជាបណ្តើរ។

ជាក់ស្តែង ខេត្តសៀមរាប ផ្ទៃដីដកហូតបានចំនួនជាង ៣៣០០ហិកតា ក្នុងនោះដាំឫស្សីបានចំនួន ២០០ដើម កូនត្នោត ៣៥ដើម កប់គ្រាប់​​ត្នោតបាន ៧៣ ៦៧៦គ្រាប់ និងកូនឈើព្រៃលិចទឹកបាន ៥៣០០ដើម ៕ អត្ថបទ៖ ពុធិកា