បើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះកម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ឡានម៉ីអ៊ែរឡាញ បានបង្កើនជើងហោះហើរភ្ជាប់ពីភ្នំពេញទៅបាងកករហូតដល់ ៤ជើងក្នុងមួយសប្តាហ៍ ដោយប្រតិបត្តិការជារៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ សៅរ៍ និងថ្ងៃអាទិត្យ។
ការបន្ថែមជើងហោះហើរស្របពេលរដ្ឋាភិបាលប្រទេសថៃ និងកម្ពុជាបានបន្ធូរបន្ថយវិធានការសុខាភិបាលលើការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលផ្តល់អត្ថប្រយោជន៍ដល់ការធ្វើដំណើររវាងប្រទេសទាំំងពីរ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS ព្រៃវែង» នៅខេត្តព្រៃវែងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យលុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន និងលុបចោលការធ្វើតេស្តរហ័សពេលមកដល់ទឹកដីកម្ពុជា។ ជាមួយគ្នានេះ ក៏សម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្ដល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅត្រីមាសទី១ឆ្នាំ២០២២ ភ្ញៀវទេសចរណ៍អន្ដរជាតិ បានកើនឡើង១១៤ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅសរុបមានចំនួន ១៥១,៦៨០នាក់ ក្នុងនោះតាមផ្លូវអាកាសមានចំនួន ៨៦,៥៨៨ នាក់ កើនឡើង១៥៨%, ផ្លូវគោក ៦៣,០៤៨នាក់ កើនឡើង៦៩%, ផ្លូវទឹក ២,០៤៤នាក់ (ត្រីមាសទី១ ឆ្នាំ២០២១ មិនមានទេសចរតាមផ្លូវទឹកទេ)។
តាមការប៉ាន់ស្មានរបស់ក្រសួងទេសចរណ៍ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណពី ៦០ម៉ឺននាក់ ទៅ៧០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២នេះឬអាចច្រើនជាងនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រួលដល់ការធ្វើដំណើរ ដោយផ្តល់ទិដ្ឋាការពេលមកដល់ឡើងវិញ និងសម្រេចបន្ធូរបន្ថយលក្ខន្តតម្រូវផ្នែកសុខាភិបាល៕