ថ្មីៗនេះ ក្រុមហ៊ុនប្រេង និងហ្គាស PTT Plc របស់ថៃ កំពុងរំពឹងថានឹងលក់អាជីវកម្មជីករ៉ែធ្យូងថ្មរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងឆមាសទី ១ ឆ្នាំនេះ ខណ:ពេលដែលក្រុមហ៊ុន មានគម្រោងផ្តោតសំខាន់លើថាមពល ដែលមិនប៉ះពាល់ដល់បរិស្ថាន ។
លោក Auttapol Rerkpiboon នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន PTT បាននិយាយថា វាគឺជាពេលវេលាដ៏ត្រឹមត្រូវមួយ សម្រាប់ការលក់អាជីវកម្មនេះ ខណ:ពេលដែលតម្លៃធ្យូងថ្មពិភពលោក បានកើនឡើងខ្លាំង ចាប់តាំងពីចុងឆ្នាំមុនមក ។
គួរឱ្យដឹងផងដែរថា តម្លៃធ្យូងថ្ម បានកើនឡើង ៥៤% ដល់ ៨៣ ដុល្លារ ក្នុងមួយតោន នៅចុងឆ្នាំ ២០២១ ដែលជាចំនួនកើនឡើងពី ៥៣,៨ ដុល្លារ ក្នុងមួយតោន នៅឆ្នាំ ២០២០ ដោយសារតែការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ បានធូរស្រាល ។
យ៉ាងណា តម្លៃធ្យូងថ្ម ធ្លាប់បានបន្តកើនឡើងរហូតដល់ ២៦៤ ដុល្លារ ក្នុងមួយតោន បន្ទាប់ពីបានរងឥទ្ធពលដោយសារតែសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាការកើនឡើងនៃតម្លៃប្រេងជាសកលផងដែរ ។
រំលឹកផងដែរថា កាលពីមុន ក្រុមហ៊ុន PTT គ្រោងនឹងចុះបញ្ជីអាជីវកម្មធ្យូងថ្ម ដែលដំណើរការដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ Sakari Resources Co (SAR) នៅលើផ្សារហ៊ុនឥណ្ឌូនេស៊ី និងរួមទាំងធ្វើការកែលម្អការផលិតធ្យូងថ្មតាមរយ:ការគ្រប់គ្រងការចំណាយ នៅពេលដែលតម្លៃធ្យូងថ្មពិភពលោកបានធ្លាក់ចុះ។
ប៉ុន្តែកាលពីឆ្នាំមុន ការផលិតធ្យូងថ្មរបស់ SAR បានថយចុះ ៤,៧% មកត្រឹមចំនួន ៦,១ លានតោន ដែលធ្លាក់ចុះពីចំនួន ៦,៤ លានតោន ក្នុងឆ្នាំ ២០២០ ។ យ៉ាងណានេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុន PTT ។
បញ្ជាក់ថា PTT បានដើរចូលក្នុងអាជីវកម្មធ្យូងថ្ម នៅក្នុងឆ្នាំ ២០១២ ដោយបានទិញយកភាគហ៊ុនចំនួន ៥៥% នៅក្នុងក្រុមហ៊ុនរុករកធ្យូងថ្ម SAR ដែលបានចុះបញ្ជីនៅប្រទេសសិង្ហបុរី និងថែមទាំងទទួលបានសិទ្ធិ ក្នុងការទិញយកចំណែកសេសសល់ ៤៥% ទៀត តាមរយ:ការដេញថ្លៃមួយផងដែរ។ ខណ:ក្រុមហ៊ុនខ្នាតយក្សរបស់ថៃមួយនេះ បានគ្រប់គ្រងអណ្តូងរ៉ែធ្យូងថ្មចំនួនពីរ នៅឥណ្ឌូនេស៊ី និងក្រុមហ៊ុនពាណិជ្ជកម្មមួយ នៅប្រទេសសិង្ហបុរីទៀតផង ៕
ប្រភព: Bangkok Post