ការនាំចេញទឹកឃ្មុំរបស់វៀតណាម ទៅកាន់កោះតៃវ៉ាន់ បានកើនឡើងរហូតដល់ទៅ ៥៧% កាលពីឆ្នាំមុន ក្នុងចំនួន ១,៦៤ លានដុល្លារ ដោយសារតែតម្លៃមានការប្រកួតប្រជែង និងមានគុណភាពខ្ពស់ ។
ជាក់ស្តែង បើតាមស្រ្តីម្នាក់ មកពីខេត្ត Hai Duong ដែលកំពុងធ្វើការនៅតៃវ៉ាន់ បាននិយាយថា ប្រជាជនតៃវ៉ាន់ ចូលចិត្តទឹកឃ្មុំរបស់វៀតណាម កាន់តែខ្លាំងឡើង ដោយសារតែតម្លៃសមរម្យជាងផលិតផលរបស់ថៃ ។
គួរឱ្យដឹងថា កាលពីឆ្នាំមុន វៀតណាមគឺជាអ្នកនាំចេញទឹកឃ្មុំធម្មជាតិធំជាងគេទីពីរ របស់តៃវ៉ាន់ ដែលមានចំនួន ១០% នៃការនាំចូលសរុបចុងក្រោយ។ ហើយបរិមាណដែលវៀតណាមនាំចេញ ទៅកាន់តៃវ៉ាន់ បានកើនឡើង ៤៤% ដល់ចំនួន ៣៨២ តោន ដែលនេះបើយោងតាមស្ថិតិពីការិយាល័យពាណិជ្ជកម្មបរទេស របស់តៃវ៉ាន់ ។
បន្ថែមពីនេះ នៅក្នុងរយ:ពេលពីរខែដំបូងនៃឆ្នាំ ២០២២ ការនាំចេញទឹកឃ្មុំ បានកើនឡើងបួនដង បើធៀបនឹងឆ្នាំមុន ដល់ចំនួន ៤៦ តោន ។ ស្របពេលក្រុមហ៊ុននាំចេញ បាននិយាយថា តៃវ៉ាន់ជាទីផ្សារដ៏សំខាន់បំផុតសម្រាប់ទឹកឃ្មុំវៀតណាម ដោយសារតែតម្រូវការ មានការកើនឡើងខ្លាំង ៕
ប្រភព: VN Express