កាលពីសប្ដាហ៍មុន មុនពេលទីផ្សារហ៊ុនបិទការជួញដូរកាលពីថ្ងៃសុក្រ មហាសេដ្ឋី Elon Musk បានចំណាយលុយប្រមាណ ២,៨៩ ពាន់លានដុល្លារ សម្រាប់ការទិញភាគហ៊ុនប្រមាណ ៩,២% របស់ Twitter និងបានក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតនៃក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្សមួយនេះ។
បន្ទាប់ពីក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតមួយនៃ Twitter ឥទ្ធិពលរបស់មហាសេដ្ឋីអាមេរិកបានធ្វើឲ្យតម្លៃហ៊ុននៃក្រុមហ៊ុនបណ្ដាញសង្គមមួយនេះកើនឡើង ២៦% កាលពីថ្ងៃច័ន្ទ។ នេះបើតាមការចុះផ្សាយពី Time។
បញ្ជាក់ដែរថា Elon Musk តែងតែបង្ហោះសារជារឿយៗនៅលើ Twitter និងបានហៅខ្លួនលោកថា ជា Influencer មួយរូបនៅលើបណ្ដាញសង្គមមួយនេះ ជាពិសេសគឺបង្ហោះសារទាក់ទងនឹងព័ត៌មានកាក់ឌីជីថលផ្សេងៗតែម្ដង។
គណនី Twitter ផ្លូវការរបស់ស្ថាបនិកក្រុមហ៊ុន SpaceX មានអ្នក Follower ដល់ទៅ ៨០ លានគណនី ហើយខែមុនលោកបានស្នើសុំឲ្យ Twitter អនុញ្ញាតឲ្យអ្នកប្រើប្រាស់មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដោយឯករាជ្យ តែសំណើមួយនេះត្រូវបានបរាជ័យ ក្រោយមានមតិបដិសេធ ៧០%។
ក្រឡេកទៅមើល Twitter ឯណោះវិញ ស្ថិតក្រោមការគ្រប់គ្រងរបស់នាយកប្រតិបត្តិថ្មី Parag Agrawal បានសន្យាថា នឹងបង្កើនចំណូលប្រចាំឆ្នាំឲ្យបាន ៧,៥ ពាន់លានដុល្លារ ជាមួយអ្នកប្រើប្រាស់ ៣១៥ លាននាក់ជារៀងរាល់ថ្ងៃនៅឆ្នាំ ២០២៣ ខណៈបច្ចុប្បន្នក្រុមហ៊ុនមួយនេះជាប់ឈ្មោះជាបណ្ដាញសង្គមយក្សលេខ ១៥ នៅលើពិភពលោកដែលមានអ្នកប្រើប្រាស់ច្រើនបំផុត៕
ប្រភព: saharareporters