វិស័យហិរញ្ញវត្ថុ និងធនាគារនឹងបន្តរីកចម្រើនប្រកបដោយទំនុកចិត្ត និងចូលរួមចំណែកយ៉ាងសកម្មដល់សកម្មភាពសេដ្ឋកិច្ច តាមរយៈដាក់ប្រាក់បញ្ញើ កម្ចី ផ្ទេរប្រាក់ និងសេវាទូទាត់ប្រាក់។ លើសពីនេះ ធនាគារក៏បានដាក់ឲ្យប្រើប្រាស់និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទូទាត់ដូចជាម៉ាស៊ីន ATM និងម៉ាស៊ីនឆូតកាត (POS) ផងដែរ ។
អ្នកជំនាញនៅក្នុងវិស័យធនាគារធ្លាប់បានលើកឡើងថា វិស័យធនាគារនៅតែអាចគាំទ្រការលូតលាស់សេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ និងឆ្នាំបន្តទៀតបាន ខណៈកំណើនការផ្តល់ឥណទានប្រហាក់ប្រហែលគ្នានឹងចំនួនប្រាក់បញ្ញើ រួមដើមទុនរបស់ស្ថាប័នហិរញ្ញវត្ថុ ដែលធ្វើឱ្យវិស័យហិរញ្ញវត្ថុ គឺមានស្ថេរភាពខ្ពស់។
ឧកញ៉ាញូស៍ សូមណែនាំប្រិយមិត្តមកស្គាល់មហាសេដ្ឋី និងអ្នកជំនួញជើងកម្ពុជាគ្រាក់ៗ បាននឹងកំពុងចាប់ផ្ដើមបង្វែរទុនមកវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
១.អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងធនាគារប្រៃសណីយ៍កម្ពុជា
២.អ្នកឧកញ៉ា គិត ម៉េង ប្រធានអគ្គនាយកធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងធនាគារពាណិជ្ជ វីង និងប្រធានសភាពាណិជ្ជកម្មកម្ពុជា
៣.លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា និងប្រធានសមាគមធនាគារនៅកម្ពុជា
៤.អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ អេស ប៊ី អាយ លី ហួរ និងក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី
៥.អ្នកឧកញ៉ា ហេង សិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារឯកទេស ម៉ារីថាម ម.ក
៦.អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកធនាគារ ជីប ម៉ុង និងជាស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប
៧.ឧកញ៉ា ហ៊ួត អៀងតុង ប្រធានអគ្គនាយកនៃធនាគារ ហត្ថា
៨.អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា ឃែភីថល ម.ក និងជាអគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប
៩.អ្នកឧកញ៉ា ចេន ហ្សុី ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ព្រីនស៍ និងជាប្រធានសម្ព័ន្ថក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប
១០.ឧកញ៉ា លី ឃុនថៃ ជាប្រធានក្រុមប្រឹក្សាភិបាល ធនាគារពាណិជ្ជ អាល់ហ្វា ម.ក
១១.ឧកញ៉ា ស៊ន សុខណា ម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ភី.អិល.ស៊ី និងក្រុមហ៊ុន មូលបត្រ សូណាត្រា
១២.អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាធនាគារ វឌ្ឍនៈ និងអគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប
តាមរបាយការណ៍របស់ធនាគារជាតិបានឱ្យដឹងថា ឆ្នាំ២០២១ ឥណទានអតិថិជនកើនឡើង ២១.២% កើនដល់ប្រមាណ១៨៦.៤ទ្រីលានរៀល ស្មើនឹង ៤៥.៧ប៊ីលានដុល្លារ ដែលមានគណនីឥណទានកើនដល់ ៣.៣លានគណនី។ ចំណែកប្រាក់បញ្ញើអតិថិជនមានកំណើន១៥.៤% កើនដល់១៥៧.១ ទ្រីលានរៀល ឬស្មើប្រមាណ៣៨.៥ប៊ីលានដុល្លារ រួមនឹងប្រាក់ដើមទុនមានកំណើន១៨% គឺកើនដល់៣១.២ទ្រីលានរៀល ដែលស្មើនឹង៧.៦ប៊ីលានរៀល។ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន១៦% កើនដល់២៧៨.៦ទ្រីលានរៀល ស្មើនឹង៦៨.២ប៊ីលានដុល្លារ។
គូសបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២១នេះ កម្ពុជាមានគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ដែលកំពុងប្រតិបត្តិការសរុបចំនួន៨៣គ្រឹះស្ថាន ក្នុងនោះ ក៏មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា ឃែភីថល ម.ក ដែលកំពុងត្រៀមខ្លួនបម្រើដល់អតិថិជនផងដែរ៕