ធនាគារ ADB៖ ការបង្កើនពាណិជ្ជកម្ម និងទេសចរណ៍តែមួយមុខមិនគ្រប់គ្រាន់ជួយកម្ពុជាឲ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ចខ្ពស់នោះទេ

សង្គម​ និង​សេដ្ឋកិច្ច

ការបើកសេដ្ឋកិច្ចឡើងវិញ និងការចាក់ថ្នាំបង្ការទូលំទូលាយប្រឆាំង នឹងកូវីដ១៩ នឹងធ្វើឲ្យមានការងើបឡើងវិញបន្តិចម្តងៗ នៃវិស័យទេសចរណ៍ ដែលនឹងជួយគាំទ្រ តម្រូវការនៃកន្លែងស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្ទាល់ផ្សេងទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានគូសបញ្ជាក់ថា «ការបង្កើនពាណិជ្ជកម្ម និង ទេសចរណ៍ តែមួយមុខនឹងមិនគ្រប់គ្រាន់ដើម្បីជួយកម្ពុជា ឲ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ចខ្ពស់នោះទេ»។ ក្នុងរបាយការណ៍នេះ ក៏បានអំពាវនាវឲ្យកម្ពុជា ធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីជំរុញកំណើនប្រកបដោយចីរភាពផងដែរ។

លោក Anthony Gill នាយកស្តីទីប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាដែលធ្លាប់តែផ្តោតលើការផលិត និងការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង អាចទទួលបានអត្ថប្រយោជន៍ ពីការធ្វើពិពិធកម្ម នៃឧស្សាហកម្មធុនស្រាល ដូចជាកង់ គ្រឿងបន្លាស់ អេឡិចត្រូនិច និង ផលិតផលខ្សែភ្លើងជាដើម។ ការធ្វើពិពិធកម្មនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចមានភាពធន់នឹងវិបត្តិនានានៃតម្រូវការក្រៅស្រុក។

ទោះជាបែបនេះក្តី ក្នុងរបាយការណ៍ដដែលបានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង៥.៣% នៅឆ្នាំ២០២២ និង៦.៥% នៅឆ្នាំ ២០២៣ ដោយសារកំណើននៃការនាំចេញទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស។

លោក Anthony Gill បានបន្ថែមថា ការចាក់វ៉ាក់សាំង បានយ៉ាងទូលំទូលាយប្រឆាំងនឹងកូវីដ១៩ បានអនុញ្ញាតឲ្យកម្ពុជាបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍ ដែលនាំទៅរកការរំពឹងទុកវិជ្ជមាន នៃកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ និងឆ្នាំ២០២៣។

បើយោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០២២ ផលិតកម្មឧស្សាហកម្មត្រូវបានរំពឹងថា នឹងកើនឡើង ៨.១% នៅឆ្នាំ២០២២ និង ៩.១% ក្នុងឆ្នាំ២០២៣។ កំណើននេះ ក៏នឹងត្រូវបានជំរុញដោយការអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដែលមានគោលបំណងបង្កើនការប្រកួតប្រជែងនៅក្នុងផ្នែកនេះ។

ការនាំចេញទំនិញ និងសេវាកម្ម ត្រូវបានព្យាករថា នឹងកើនឡើងនៅឆ្នាំ២០២២ និង ២០២៣ ដោយសារកំណើនតម្រូវការក្រៅស្រុក លើផលិតផលកម្ពុជា ព្រមជាមួយនឹងការងើបឡើងវិញជាបណ្តើរៗ នៃវិស័យទេសចរណ៍។ វិស័យសេវាកម្មត្រូវបានព្យាករថា នឹងងើបឡើងវិញនៅកម្រិត៤.៨% នៅឆ្នាំនេះ និង កើនដល់៦.៨% ក្នុងឆ្នាំ២០២៣៕