ក្រុមហ៊ុនកាណាដា Kinross ប្រកាសលក់អាជីវកម្មជីករ៉ែមាស នៅរុស្ស៊ី ក្នុងតម្លៃជិត ៧០០ លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនជីករ៉ែខ្នាតយក្ស Kinross Gold របស់កាណាដា កាលពីថ្ងៃអង្គារ បានប្រកាសលក់អាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី ទៅឱ្យក្រុមហ៊ុន Highland Gold នៅក្នុងតម្លៃជាសាច់ប្រាក់សុទ្ធប្រមាណ ៦៨០ លានដុល្លារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា កាលពីខែមុន ក្រុមហ៊ុន Kinross បានប្រកាសពីការចង់លក់អាជីវកម្មរបស់របស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី ដើម្បីជាការឆ្លើយតបទៅនឹង ការលុកលុយរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន ទៅលើប្រទេសអ៊ុយក្រែន ដែលនាំឱ្យបណ្តាប្រទេសនៅលោកខាងលិច សម្រុកដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ី ។

យ៉ាងណាក្រុមហ៊ុន Kinross បាននិយាយថា ពួកគេនឹងទទួលបានទឹកប្រាក់ប្រមាណ ៤០០ លានដុល្លារ សម្រាប់ការលក់អណ្តូងរ៉ែ Kupol និងអាជ្ញាប័ណ្ណរុករករ៉ែនៅតំបន់ជុំវិញនោះ ខណ: ២៨០ លានដុល្លារដុល្លារផ្សេងទៀត ទទួលបានពីការលក់គម្រោង Udinsk ក្នុងប្រទេសរុស្ស៊ី ។

ជាក់ស្តែង Highland Gold គឺជាក្រុមហ៊ុនរុករករ៉ែមាស ដ៏ធំបំផុតមួយ នៅក្នុងប្រទេសរុស្ស៊ី ដោយមានប្រតិបត្តិការអណ្តូងរ៉ែជាច្រើនកន្លែង នៅក្នុងប្រទេស ហើយរួមទាំងនៅក្នុងតំបន់ Chukotka និង Khabarovsk ដែលអណ្តូងរ៉ែ Kupol និងគម្រោង Udinsk របស់ក្រុមហ៊ុន Kinross ក៏ស្ថិតនៅទីនោះផងដែរ ។

បញ្ជាក់ផងដែរថា ការទិញដូរមួយនេះ ស្ថិតនៅក្រោមការយល់ព្រមពីសំណាក់រដ្ឋាភិបាលរុស្ស៊ី ខណ:ការសម្រេចចុងក្រោយនៃកិច្ចព្រមព្រៀងមួយនេះ មានលក្ខខណ្ឌមួយចំនួនបន្ថែមទៀតត្រូវបំពេញ ៕

ប្រភព: Miningweekly