ប្រធានាធិបតី Putin ព្រមាន​ថា ប្រទេស​ក្រីក្រ​នឹង​ប្រឈម​បញ្ហា​កង្វះ​ចំណីអាហារ ដោយសារ​មហាអំណាច​លោកខាងលិច

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ សារព័ត៌មាន​ Reuters បាន​អះអាង​ថា ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​និយាយ​ថា ទណ្ឌកម្ម​ដែល​រុស្ស៊ី​កំពុង​ជួប​ប្រទះ​បច្ចុប្បន្ន ដែល​ជា​ស្នាដៃ​របស់​ប្រទេស​លោកខាងលិច នឹង​បណ្ដាល​ឲ្យ​កើតមាន​ជា​បញ្ហា​កង្វះ​ចំណីអាហារ​ទូទាំង​ពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្នាក់ដឹកនាំ​ខាងលើ​បាន​សង្កត់​ធ្ងន់​ថា កាលណា​ការ​កាត់បន្ថយ​ថាមពល និង​ជី​កាន់តែ​ច្រើន​ នោះ​ប្រទេស​លោកខាងលិច​នឹង​ត្រូវតែ​បោះពុម្ព​លុយ​បន្ថែម​ដើម្បី​ទិញ​ទំនិញ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ក្រីក្រ​ជាច្រើន​នឹង​ជួប​ប្រទះ​បញ្ហា​កង្វះ​ស្បៀង​អាហារ។

“បញ្ហា​កង្វះ​ស្បៀងអាហារ​គឺ​ច្បាស់​ជា​មិនអាច​គេច​រួច​ឡើយ ជា​ពិសេស​គឺ​នៅ​តំបន់​ក្រីក្រ ហើយ​វា​នឹង​បណ្ដាល​ឲ្យ​មាន​ការ​ចំណាកស្រុក​កើនឡើង ហើយ​ជា​ទូទៅ​តម្លៃ​ស្បៀងអាហារ​នឹង​មាន​ការ​ឡើង​ថ្លៃ”។

ប្រធានាធិបតី​រូបនេះ​បាន​ប្រាប់​ទៅកាន់ RT ទៀត​ថា៖ “ពួក​យើង​នឹង​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ផ្គត់ផ្គង់​អាហារ​ទៅ​កាន់​ក្រៅប្រទេស ជាពិសេស​គឺ​ទៅ​កាន់​ប្រទេស​ដែល​បញ្ចេញ​ក្រចក​ដាក់​យើង”។

បញ្ជាក់​ដែរ​ថា កាលពី​សប្ដាហ៍​មុន​អតីត​ប្រធានាធិបតី Dmitry Medvedev បាន​ទម្លាយ​ថា​ រុស្ស៊ី​នឹង​មិន​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​សម្រាប់​ផលិតផល​នានា ជាពិសេស​គឺ​ផលិតផល​កសិកម្ម​ទៅ​កាន់​ប្រទេស​បច្ចាមិត្ត​ឡើយ។

ដោយឡែក រុស្ស៊ី​ និង​អ៊ុយក្រែន​គឺជា​អ្នក​នាំចេញ​ដ៏​ធំ​បំផុត​ផ្នែក​ស្រូវសាលី និង​ពោត​ទូទាំង​ពិភពលោក​ ខណៈ​រុស្ស៊ី​គ្រប់គ្រង​ការ​នាំចេញ​ស្រូវសាលី​ ១៧% ទូទាំង​សកលលោក​។ នេះ​បើ​តាម​របាយការណ៍​ពី ING៕

ប្រភព: Yahoo