ប្រធានាធិបតី​ស្រីលង្កា​ប្រកាស​មិន​ចុះចេញ​ពី​តំណែង ទោះ​ប្រជាពលរដ្ឋ​បាតុកម្ម​ធ្ងន់ធ្ងរ​ក្ដី

អន្តរជាតិ

ប្រធានាធិបតី​ស្រីលង្កា Gotabaya Rajapaksa នឹង​មិន​ចុះចេញ​ពី​តំណែង​ជា​ដាច់ខាត បើ​ទោះជា​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​កំពុង​ពពាក់ពពូន​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រូបលោក​ចុះចេញ​ពី​មុខ​តំណែង​កំពូល​មួយ​នេះ​ក្ដី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលហេតុ​ដែល​ប្រជាពលរដ្ឋ​មាន​ការ​ខឹង​សម្បារ​ជាមួយ​នឹង​លោក Gotabaya ខ្លាំងក្លា​បែបនេះ គឺ​ដោយសារ​ចន្លោះ​ប្រហោង​នៃ​ការ​គ្រប់គ្រង​ស្ថានការណ៍​សេដ្ឋកិច្ច​ក្នុង​ប្រទេស ដែល​បណ្ដាល​ឲ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ស្រីលង្កា​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​វិបត្តិ​ដ៏​ឈឺក្បាល​បំផុត​មួយ។

ដោយឡែក ​មន្ត្រី Johnston Fernando បាន​ប្រាប់​ទៅកាន់ Parliament កាលពី​ថ្ងៃពុធ​ថា៖ “ខ្ញុំ​សូម​រំលឹក​ថា ប្រជាពលរដ្ឋ​ប្រមាណ ៦,៩ លាន​នាក់​បាន​បោះឆ្នោត​សម្រាប់​ប្រធានាធិបតី ហើយក្នុង​នាម​ជា​រដ្ឋាភិបាល​ ពួកយើង​សូម​បញ្ជាក់​ថា ប្រធានាធិបតី​នឹង​មិន​ចុះ​ចាញ់​ទោះ​ក្នុង​កាលៈទេសៈ​បែបណា​ក៏​ដោយ ពួក​យើង​នឹង​ប្រឈម​មុខ​ជាមួយ​បញ្ហា​មួយ​នេះ”។

បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃអង្គារ​កន្លង​ទៅ ប្រធានាធិបតី Gotabaya បាន​លុបចោល​សេចក្ដី​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ភ្លាមៗ បើ​ទោះ​ជា​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរទៅៗ ដែល​វា​បាន​ធ្វើ​ឲ្យ​ការ​ខ្ចីប្រាក់​ពី​មូលនិធិរូបិយប័ណ្ណ​អន្តរជាតិ IMF កាន់តែ​ពិបាក។

ស្ថានការណ៍​បច្ចុប្បន្ន​គឺ​នៅ​ចំណុច​គួរ​ឲ្យ​បារម្ភ​ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​បាន​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​ប្រេង​មាន​ការ​ខ្វះខាត ហើយ​ការ​ផ្ដាច់​ចរន្តអគ្គិសនី​រឹត​តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ច្របូកច្របល់​ថែម​ទៀត។

ក្រឡេក​ទៅ​មើល​មូលហេតុ​ដែល​បង្ក​ឲ្យ​ស្រីលង្កា​ធ្លាក់​ចូល​រណ្ដៅ​សេដ្ឋកិច្ច​គឺ តាំងពី​ដើមឡើយ ស្រីលង្កា​មាន​ភាព​ទន់ខ្សោយ​ខ្លាំង​ផ្នែក​ហិរញ្ញវត្ថុ ពោល​គឺ​មាន​ចំណូល​ទាប​ បើ​ធៀប​ប្រទេស​ជិតខាង។

ស្ថានការណ៍​កាន់តែ​យ៉ាប់យ៉ឺន​នៅពេល​ដែល Mahindra បងប្រុស​របស់​ប្រធានាធិបតី​បច្ចុប្បន្ន​កាន់​តំណែង​នៅ​ជួរ​រដ្ឋាភិបាល ដោយ​បាន​កាត់​បន្ថយ​ពន្ធ​យ៉ាងច្រើន​នៅ​ឆ្នាំ ២០២០ ស្របពេល​ការ​រាតត្បាត​កូវីដ ១៩ ផង​ បាន​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​កាន់តែ​ផុងខ្លួន​ជ្រៅ​ក្នុង​រណ្ដៅ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។

នៅ​អំឡុងពេល​នោះ IMF ធ្លាប់​បាន​ដាក់សំណើ​ជួយ​ដល់​សេដ្ឋកិច្ច​ប្រទេស​មួយ​នេះ​ផងដែរ ក៏​ប៉ុន្តែ​ត្រូវបាន​បដិសេធ​ពី​រដ្ឋាភិបាល​ជាច្រើន​ខែ បើ​ទោះជា​អ្នកជំនាញ​ហិរញ្ញវត្ថុ និង​មេ​គណបក្ស​ប្រឆាំង​ជាច្រើន​ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរ​តែ​សុំ​ជំនួយ​ពី​ក្រៅ​ក៏​ដោយ។

ជាលទ្ធផល ទុន​បម្រុង​ជាតិ​របស់​ស្រីលង្កា​មាន​ត្រឹមជាង ២ ពាន់​លាន​ដុល្លារ ខណៈ​បំណុល​ដែល​ត្រូវ​ទូទាត់​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ទៀត​នៃ​ឆ្នាំ​នេះ គឺ​មាន​ចំនួន​ដល់​ទៅ​ជាង ៤ ពាន់​លាន​ដុល្លារ​ឯណោះ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Reuters៕

ប្រភព: Hindustantimes