ក្នុងឆ្នាំ២០២១ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរមនុស្ស ចំនួន២៣៥ករណី ក្នុងនោះបានបញ្ជូនជនសង្ស័យទៅតុលាការចំនួន៤០០នាក់ និងសង្គ្រោះជនរងគ្រោះបានចំនួន១,៣៩០នាក់ ។ នេះបើយោងតាមរបាយការណ៍របស់លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។
របាយការណ៍ដដែលបានបង្ហាញថា សម្រាប់ករណីអំពើធ្វើអាជីវកម្មផ្លូវភេទក្នុងឆ្នាំ២០២១ បង្ក្រាបបានចំនួន១២៤ករណី បានបញ្ជូនទៅតុលាការចំនួន១៣៨នាក់ និងសង្គ្រោះបានជនរងគ្រោះ ចំនួន១៨៧នាក់ ។
នៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើញជួញដូរមនុស្ស ឆ្នាំ២០២១ និងទិសដៅការងារបន្ដឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមជនល្មើសដែលមានបណ្តាញនៅតាមបណ្តាប្រទេស បានប្តូរទិសដៅមកប្រើប្រាស់កម្ពុជា ជាគោលដៅក្នុងការបោកបញ្ឆោតទាក់ទាញប្រជាពលរដ្ឋតាមបណ្តាប្រទេស ដើម្បីនាំមកកេងប្រវ័ញ្ច និងជួញដូរនៅកម្ពុជាទៅវិញ។
លោកស្រី ជូ ប៊ុនអេង បានបន្តថា នេះជាសញ្ញានៃទម្រង់ថ្មីមួយ នៃអំពើជួញដូរមនុស្ស ដែលកម្ពុជាបាននិងកំពុងសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសពាក់ព័ន្ធ ដើម្បីធ្វើការបង្ក្រាប សង្គ្រោះ និងផ្តន្ទាទោសជនល្មើស និងផ្តល់កិច្ចការពារ និងធ្វើសមាហរណកម្មជនរងគ្រោះជាបន្តបន្ទាប់។
ទោះបីជាយ៉ាង លោកស្រី ថាកម្ពុជានៅតែបន្តប្តេជ្ញាចិត្តខ្ពស់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងចាត់ទុកថាជាអាទិភាពមួយ ដែលត្រូវយកចិត្តទុកដាក់ ទាំងការការពារទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ការទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ និងស្ថេរភាពសេដ្ឋកិច្ចជាតិ និងការប្រយុទ្ធប្រឆាំង បទល្មើស ជាពិសេសឧក្រឹដ្ឋកម្មឆ្លងដែនគ្រប់រូបភាព ដែលរួមទាំងអំពើជួញដូរមនុស្សផងដែរ ៕ អត្ថបទ៖ ពុធិកា