អង្គសន្និបាតប្រចាំឆ្នាំ២០២២ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ សម្រេចបោះឆ្នោតឲ្យអ្នកឧកញ៉ា លី ហួរ ជាប់ជាប្រធានសមាគមអាណត្តិទី៣ ឆ្នាំ២០២២-២០២៤។
លោកមានស្រុកកំណើតនៅក្នុងខេត្តកំពង់ចាម ហើយត្រូវបានអ្នករកស៊ីនៅកម្ពុជា ចាត់ទុកថា ជាធុរជនខែ្មរមួយរូបដែលមានគុណវុឌ្ឍិ មានភាពជាសហគ្រិន និងជាអ្នកដឹកល្អព្រមទាំងការបេ្តជ្ញាចិត្តខ្ពស់ ដោយលោកបានបង្កើត និងពង្រីកអាជីវកម្មក្នុងពហុវិស័យដោយជោគជ័យអស់រយៈពេលជាង៣០ឆ្នាំនៅក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងសារលិខិតអបអរសាទរផ្ញើទៅកាន់អ្នកឧកញ៉ា លី ហួរ ដែលទើបជាប់ឆ្នោតជាប្រធានថ្មី នៅថ្ងៃទី១២ ខែមេសានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា៖ “យើងទាំងអស់គ្នាជឿជាក់ថា បទពិសោធន៍ និងឆន្ទៈដ៏មោះមុតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របងស់អ្នកឧកញ៉ា នឹងដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ឆ្ពោះទៅរកការជោគជ័យ និងសម្រេចសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត”។
ទន្ទឹមនឹងនោះ អ្នកឧកញ៉ា គិត ម៉េង ក្នុងនាមប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចសហប្រតិបត្តិការជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ក្នុងការជម្រុញវិស័យឯកជនឲ្យបោះជំហានទៅមុខកាន់តែរឹងមាំខ្លាំងក្លាបន្ថែម ព្រមទាំងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកច្រើនថែមទៀត។
បន្ថែមលើការគ្រប់គ្រងក្រុមហ៊ុន លី ហួរ គ្រុប អ្នកឧកញ៉ាក៏កំពុងកាន់តួនាទីជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងផ្ដួចផ្ដើមនូវគំនិតបង្កើតសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង។ តាមរយៈមុខជំនួញ លោកក៏បានចូលរួមក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍វិស័យឯកជន ការអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចផងដែរ។
អ្នកឧកញ៉ា លី ហួរ ថ្លែងថា យើងឃើញថាក្នុងចំណោមវិស័យនានានៃប្រទេសកម្ពុជា វិស័យសំណង់បានរីកដុះដាលគួរឱ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ ដែរមានដូចជាអគារទំនើបៗ បុរីលំនៅឋាន ផ្ទះល្វែង មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប និង សំណង់ដែលមានលក្ខណៈទំនើបៗជាច្រើន។ លោកថា ការស្ថាបនាទាំងនេះធ្វើឡើងដើម្បីបំពេញតម្រូវការរបស់ប្រជាជនកម្ពុជាដោយការមើលឃើញពីកំនើនប្រជាជន ក៏ដូចជាកំនើននៃជីវិភាពក្នុងការរស់នៅរបស់ពួកគេផងដែរ។
អ្នកឧកញ៉ាបានគូសបញ្ជាក់ថា ដោយសារតែមានកត្តាជំរុញទាំងនេះ ទើបធ្វើអោយមានការលេចចេញមកនូវ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ដើម្បីចូលរួមជាចំណែកក្នុងការអភិវឌ្ឍវិស័យសំណង់ក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងជាងនេះទៀត៕