វិស័យទេសចរណ៍របស់ប្រទេសស្រីលង្កា បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែវិបត្តិសេដ្ឋកិច្ចកាន់តែធ្លាក់ដុនដាប ស្របពេលតម្លៃប្រេងឥន្ធន:គ្មានការគ្រប់គ្រងច្បាស់លាស់ និងការដាច់ចរន្តអគ្គិសនីជាច្រើនម៉ោង ។
ជាក់ស្តែង ក្រោយធូរស្រាលពីជំងឺរាតត្បាតកូវីដ ១៩ វិស័យទេសចរណ៍របស់ស្រីលង្កា បានទទួលរងគ្រោះសារជាថ្មី នៅក្នុងពេលបច្ចុប្បន្ននេះ ខណ:ភ្ញៀវទេសចរជាច្រើន កំពុងវិលត្រលប់ទៅកាន់ប្រទេសរបស់ពួកគេវិញ ដោយសារតែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។ ជុំវិញបញ្ហានេះហើយ បានធ្វើឱ្យវិស័យសណ្ឋាគារក្នុងប្រទេសដីកោះមួយនេះ បានធ្លាក់ចុះយ៉ាងខ្លាំង ។
មិនតែប៉ុណ្ណោះ ក្រុមអ្នកតវ៉ា បានឈរនៅខាងក្រៅមន្ទីរទេសចរណ៍ស្រីលង្កា ក្នុងទីក្រុងកូឡុំបូ ហើយបានលើកស្លាកប្រឆាំងទៅនឹងរដ្ឋាភិបាល ដោយសារសរសេរថា “ជួយសង្គ្រោះវិស័យទេសចរណ៍” និង “តែងតាំងមនុស្សមានជំនាញ និងគួរឱ្យទុកចិត្ត ដើម្បីធ្វើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច” ។
គួរឱ្យដឹងថា ដោយសារតែការដាច់ចរន្តអគ្គិសនី និងតម្លៃប្រេងកើនឡើងខ្លាំង ធ្វើឱ្យសណ្ឋាគារ ប្រើប្រាស់ម៉ាស៊ីនភ្លើងផ្ទាល់ខ្លួន ដែលដំណើរការដោយសារប្រេងម៉ាស៊ូត។ ហើយប្រសិនបើស្ថានការណ៍មួយនេះ នៅតែបន្តអូសបន្លាយ នោះនឹងមានការខ្វះខាត រួមទាំងផលប៉ះពាល់យ៉ាងច្រើន នៅក្នុងវិស័យបដិសណ្ឋារកិច្ច និងឧស្សាហកម្មទេសចរណ៍។
បញ្ជាក់ថា វិស័យទេសចរណ៍ បានរួមចំណែករហូតដល់ទៅ ១២% នៃ GDP របស់ប្រទេសស្រីលង្កា និងជាប្រភពចំណូលប្រទេសធំជាងគេទី ៥ នៅក្នុងប្រទេសដីកោះមួយនេះផងដែរ ៕
ប្រភព: Businesstoday