សម្តេច ស ខេង ប្រាប់សមត្ថកិច្ច​ពាក់ព័ន្ធ​​មិន​ត្រូវ​​យោគ​​យល់ និង​​អនុគ្រោះ​​ ចំពោះ​អ្នក​ប្រព្រឹត្តបទល្មើស​ជួញដូរ​មនុស្ស​

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ​​កម្មធិការ​​ជាតិ​​ប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានជំរុញលើកទឹកចិត្តដល់សមត្ថកិច្ចពាក់ព័ន្ធ ក្នុង​ការ​​បង្ក្រាបបទល្មើសជួញដូរមនុស្ស ត្រូវធ្វើការប្រកបដោយតម្លាភាព និងយុត្តិធម៌ ដោយមិនត្រូវ​លើក​លែង យោគយល់ និងអនុគ្រោះ ដល់អ្នកដែលប្រព្រឹត្ត​បទល្មើសនោះឡើយ​ហើយការឃាត់ខ្លួនជន​សង្ស័យ​គឺត្រូវតែ បន្តការខិតខំបន្តទៀត​ទៅតាមបរិមាណបទល្មើសដែល​កើតមានឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញរបស់សម្តេចក្រឡាហោម ស ខេង ដូចនេះបានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ គ.ជ.ប.ជ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។

សម្តេចក្រឡាហោម ស ខេង បានបន្ថែមថា ចំពោះស្ថាប័នតុលាការ ត្រូវផ្តល់នូវយុត្តិធម៌ ប្រកបដោយ​ភាពត្រឹមត្រូវ តម្លាភាពដើម្បីធានា និងលើកកម្ពស់ការការពារ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស​ឱ្យកាន់​តែល្អប្រសើរថែមទៀត។ ក្នុងនោះ សម្រាប់ការផ្តល់សេវាជួយជនរងគ្រោះ ត្រូវបង្កើន​ការយក​ចិត្តទុកដាក់បន្ថែមទៀតដោយត្រូវចូលរួមសហ​​ប្រតិបត្តិការ​ជាមួយដៃគូជាតិ និងអន្តរជាតិក្នុងការ​ជួយលើកកម្ពស់ គាំទ្រ និងការពារដល់ជនរងគ្រោះ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម បានជំរុញដល់ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធដែលស្ថិតនៅក្រោមគណៈ​កម្មាធិការជាតិប្រយុទ្ធ​ប្រឆាំង​អំពើជួយដូរមនុស្ស(គ.ជ.ប.ជ) ត្រូវបន្តកិច្ចសហប្រតិបត្តិការឱ្យបានកាន់​តែសកម្ម និងជិតស្និតបន្ថែមទៀត ដែល​បែង​​ចែកមុខងារទៅតាមជំនាញដើម្បីធ្វើឱ្យកិច្ចការងារទាំងនោះ​​ឱ្យទទួលបានជោគជ័យ ។

សម្តេចក្រឡាហោម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ កុំប្រថុយ​​ប្រថាន​នឹង​គ្រោះថ្នាក់ ដោយព្យាយាមឆ្លងដែនចាកចេញតាមមធ្យោបាយលួចលាក់ខុសច្បាប់ និងប្រកប​ដោយភាព​ប្រឈមនឹងគ្រោះថ្នាក់ ដែលនឹងធ្វើឱ្យមានគ្រោះថ្នាក់ និងការខាតបង់កាន់តែធ្ងន់ធ្ងរ ។

យោងតាម​របាយការណ៍របស់លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា​អនុប្រ​ធានអចិន្ដ្រៃយ៍​គណៈ​កម្មាធិការ​ជាតិប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស បានបង្ហាញថា ក្នុងឆ្នាំ២០២១ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរមនុស្ស ចំនួន២៣៥ករណី ក្នុងនោះបាន​បញ្ជូន​ជនសង្ស័យ​ទៅតុលាការ​ចំនួន៤០០នាក់ និងសង្គ្រោះជនរងគ្រោះបាន​ចំនួន​១,៣៩០​នាក់ ។ សម្រាប់ករណីអំពើធ្វើអាជីវកម្មផ្លូវភេទក្នុងឆ្នាំ២០២១ បង្ក្រាប​​បានចំនួន១២៤ករណី បានបញ្ជូនទៅតុលាការចំនួន​១៣៨នាក់ និងសង្គ្រោះបានជនរងគ្រោះ ចំនួន​១៨៧នាក់ ៕ អត្ថបទ៖ ពុធិកា