ភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃសម្តេចក្រឡាហោម ស ខេង ជំរុញឲ្យអ្នកសារព័ត៌មានបង្កើនការផ្សព្វផ្សាយអប់រំសង្គម ដើម្បីធានាឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានអប់រំថ្មីៗដែលជួយអោយសង្គមមានសុខុដុមរម្យនីយកម្ម។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅរសៀលថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០។
សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានជំរុញឱ្យអ្នកសារព័ត៌មានបង្កើនការផ្សព្វផ្សាយអប់រំសង្គមដូចជា ច្បាប់ចរាចរណ៍ គ្រឿងញៀន វប្បធម៌ ប្រពៃណីទំនៀមទំលាប់ផលិតផលក្លែងក្លាយ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយជាដើម ដែលជាបញ្ហារាំងស្ទះដល់ការអភិវឌ្ឍសង្គម។ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការចូលរួមចំណែកជួយផ្សព្វផ្សាយអប់រំសង្គមនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកក្នុងការកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេស រួមចំណែកពង្រឹងសន្ថិភាព ស្ថេរភាព និងជំរុញការអភិវឌ្ឍសង្គមជាតិ។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងកោតសរសើរសភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលបង្កើតឡើងក្នុងរយៈពេលខ្លី តែវិវឌ្ឍខ្លួនបានលឿន និងបានជួយសង្គមជាច្រើនផងដែរ។
ជាការឆ្លើយតប ឯកឧត្ដម ហ៊ុយ វណ្ណៈប្រធានសភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានប្ដេជ្ញាចិត្ដនឹងខិតខំពង្រីកការផ្សព្វផ្សាយអំពីសីលធម៌សង្គម សុខភាពប្រជាពលរដ្ឋ និងឧត្ដមគតិនៃការការពារតម្លៃផលប្រយោជន៍ជាតិ។ ឯកឧត្ដមបានបញ្ជាក់ថា តាមរយៈការជួយអប់រំសង្គមនេះ ដើម្បីផ្ដល់ជាសារអប់រំទៅដល់ប្រជាពរដ្ឋគ្រប់ស្រទាប់វណ្ណៈឲ្យបានយល់ច្បាស់អំពីច្បាប់ ការខុសឆ្គងសីលធម៌សង្គម និងមានការផ្លាស់ប្ដូរឥរិយាបទមិនល្អនៅក្នុងសង្គមផងដែរ។ បើតាមឯកឧត្តម ហ៊ុយ វណ្ណៈ បាវចនារបស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា គឺសេរីភាពក្រោមស្មារតីជាតិឯករាជ្យ។ អ្វីដែលសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កំពុងធ្វើនាពេលនេះមានគោលដៅសំខាន់ៗបី គឺប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ រូបភាពបែបហិង្សា និងភាសាអសុរោះ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម បានបន្តជួយគាំទ្រ និងឧបត្តម្ភសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នូវទឹកប្រាក់ ៥លានរៀលក្នុង១ខែ និងជួយផ្គត់ផ្គង់សម្ភារៈផ្សេងៗតាមការស្នើសុំរបស់ឯកឧត្តម ហ៊ុយ វណ្ណៈ ដូចជា កុំព្យូទ័រ ព្រីនធឺ និងតុជាដើម៕