មហាសេដ្ឋី Richard Liu ប្រកាស​ចុះចេញ​ពី​មុខតំណែង CEO នៃ​ក្រុមហ៊ុន JD

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ស្ថាបនិក​នៃ​ក្រុមហ៊ុន JD.com Inc., គឺ​លោក Richard Liu បាន​ប្រកាស​ចុះចេញ​ពី​មុខតំណែង​ជា CEO នៃ​ក្រុមហ៊ុន និង​បាន​ប្រគល់​តួនាទី​មួយ​នេះ​ទៅ​ឲ្យ​លោក Xu Lei ដែល​ទើប​នឹង​ឡើង​កាន់តំណែងជា​ប្រធាន​ក្រុមហ៊ុន​ថ្មីថ្មោង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​យោង​តាម​ឯកសារ​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃព្រហស្បតិ៍​បាន​ឲ្យ​ដឹងថា លោក Liu នឹង​ចូល​រួម​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ដែល​មាន​សមាជិក ៦ រូប ដោយ​មហាសេដ្ឋី​ម្នាក់​នេះ​នឹង​នៅ​តែ​រក្សា​សមាសភាព​ជា​ប្រធាន​ធំ​ដដែល។

មួយ​រយៈកាល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា​ ក្រុម​មហាសេដ្ឋី​ចិន​ជាច្រើន​បាន​ផ្ទេរ​មុខ​តំណែង​សំខាន់ៗ​នៃ​ក្រុមហ៊ុន​ទៅ​ឲ្យ​បុគ្គល​ផ្សេងៗ​ជា​អ្នក​គ្រប់គ្រង បន្ទាប់​ពី​ប្រធានាធិបតី Xi Jingping ចាប់ផ្ដើម​រឹតបន្តឹង​ច្បាប់​លើ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក។

ជាក់ស្ដែង Zhang Yiming ដែលជា​ស្ថាបនិក ByteDacne Ltd., ក៏​បាន​ប្រកាស​ចុះចេញ​ពី​មុខងារ​ជា​ប្រធាន​ក្រុមហ៊ុន បន្ទាប់​ពី​លាឈប់​ពី​តំណែង CEO នៃ​ក្រុមហ៊ុន TikTok បាន​ប៉ុន្មាន​ខែ ហើយ​លោក Su Hua ដែល​ជា​ស្ថាបនិក Kuaishou Technology ក៏​បាន​ប្រគល់​តំណែង​គ្រប់គ្រង​ក្រុមហ៊ុន​ទៅ​ឲ្យ​សហ​ស្ថាបនិក Cheng Yixiao ជា​អ្នក​គ្រប់គ្រង​ជំនួស​ផង​ដែរ។

បញ្ជាក់​ដែរ​ថា JD គឺ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ខ្នាតយក្ស​មួយ ដែល​ទទួល​បាន​ផល​ប្រយោជន៍​ធំ​ពី​ការ​រឹត​បន្តឹង​ច្បាប់​លើ​វិស័យ​មួយ​នេះ ដោយ​បាន​អូសទាញ​ Brands ធំៗ​ជាច្រើន​ងាក​មក​ប្រើប្រាស់​ផ្លេតហ្វម (Platform) របស់​ពួកគេ ក្រោយ Alibaba រងគ្រោះ​ក្រោម​ការ​ចោទប្រកាន់​ពី​រដ្ឋាភិបាល​ ពី​ការ​រំលោភទំនុក​ចិត្ត​អតិថិជន។

បើ​ទោះ​ជា​បាន​លាលែង​ពី​តំណែង​ជា​ CEO មែន តែ​លោក Liu បាន​សន្យា​ថា នឹង​នៅ​តែ​ជួយ​មើលការ​ខុសត្រូវ​នៅ​ក្រុមហ៊ុន​ ជាពិសេស​គឺ​នៅ​រង់ចាំ​តម្រង់​ផ្លូវ​ដល់​យុវវ័យ​ជំនាន់​ក្រោយ ក៏​ដូចជា​ចូលរួម​យ៉ាង​សកម្ម​សម្រាប់​យុទ្ធនាការ​ “​ក្រោម​មេឃ​តែ​មួយ” របស់​ប្រធានាធិបតី Xi Jinping ផង​ដែរ៕

ប្រភព: Businessoutreach