៦ ខែចុងក្រោយនេះ មានគម្រោងបុរីប្រកាសលក់ថ្មីដល់ទៅ ៣៩ គម្រោង

សង្គម​ និង​សេដ្ឋកិច្ច

របាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសា បានឲ្យដឹងថា ទីផ្សារបុរីនៅតែមានភាពរឹងមាំជាងគេ បើធៀបនឹងប្រភេទអលចនទ្រព្យផ្សេងទៀត ពិសេសនោះសម្រាប់គម្រោងតម្លៃទាប ទៅមធ្យម។ របាយការណ៍បន្តថា ៦ ខែ ចុងក្រោយនេះ មានគម្រោងប្រកាសលក់ថ្មីដល់ទៅ ៣៩ គម្រោង បើទោះបីជួបវិបត្តិកូវីដ-១៩នៅតែបន្ដអូសបន្លាយពេលក្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរបាយការណ៍បានព្យាករថា ចំនួនគម្រោងបុរីនៅកម្ពុជា នឹងបន្ដកើនឡើងដល់ទៅជាង ៣០០ គម្រោង ត្រឹមចុងឆ្នាំ២០២២នេះ ហើយនឹងកើនដល់ជិត ៤០០ គម្រោង នៅចុងឆ្នាំ ២០២៣ផងដែរ។

យ៉ាងណាមិញជុំវិញតម្លៃគឺមានការធ្លាក់ចុះបន្ដិចបន្ដួចសម្រាប់ផ្ទះប្រភេទល្វែង និងវីឡាភ្លោះ ប៉ុន្តែតម្លៃលក់ផ្ទះអាជីវកម្មមានការកើនឡើង ៤% ក្នុងអំឡុងពេល ៦ ខែនេះ។

របាយការណ៍បញ្ជាក់ថា មូលហេតុដែលធ្វើឱ្យទីផ្សារនេះពេញនិយម និងនៅមានភាពរឹងមាំគឺ ដោយសារតែកត្ដាហានិភ័យទាបក្នុងការអភិវឌ្ឍ ពីព្រោះអ្នកអភិវឌ្ឍអាចសាងសង់តាមដំណាក់កាល។ ខុសពីខុនដូ ដែលម្ចាស់គម្រោងត្រូវសាងសង់គម្រោងឱ្យរួចរាល់ម្ដងទាំងអស់ ទើបអាចលក់ចេញបាន៕