កាលពីឆ្នាំ ២០២១ កន្លងទៅ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ដែលជាអង្គភាពចម្រុះ បានចុះប្រតិបត្តិការក្នុងការបង្ក្រាបការជួញដូរសត្វព្រៃ ដោយរឹបអូសសត្វព្រៃងាប់ចំនួន ៣៦០៩ក្បាល និងរឹបអូសសាច់សត្វព្រៃគ្រប់ប្រភេទចំនួន ៣៥៤ គីឡូក្រាម។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងពិធីប្រកាសបើកជាផ្លូវការ«យុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តស្ទឹងត្រែង» កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។
លោក នេត្រ ភក្ត្រា បានអោយដឹងថា ក្នុងឆ្នាំ ២០២១ ការបង្ក្រាបការជួញដូរសត្វព្រៃមានចំនួន ៦២៥លើក ក្នុងនោះក៏បានសង្គ្រោះសត្វព្រៃបាន ១២៧១ ក្បាល បញ្ជូនសំណុំរឿងចំនួន ១១ ទៅតុលាការ និងបានដោះលែងសត្វព្រៃចូលទៅព្រៃធម្មជាតិវិញចំនួន ៨៦៤ ក្បាល។
ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូ ក៏បានដកអន្ទាក់សរុបចំនួន ៦១.៦១១ អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន ៧៣ និងច្រករបៀងជីវចម្រុះចំនួន ៣ ក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំមានអន្ទាក់សរុបចំនួនប្រមាណជាង ៤០.០០០ អន្ទាក់ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក នេត្រ ភក្ត្រា។
គួរបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យ គឺធ្វើឡើងក្នុងគោលដើម្បីបញ្ឈប់ការដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ឈប់ការបរបាញ់សត្វព្រៃដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ធ្វើឱ្យព្រៃធម្មជាតិកាន់តែមានសុវត្ថិភាពសម្រាប់សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀតធ្វើជាជម្រកសម្រាប់រស់ន និងមាន លទ្ធភាពគ្រប់គ្រាន់ដើម្បីបន្តពូជបង្កើតកូនពូនជាចៅរាប់ជំនាន់ទៅមុខទៀត។
យុទ្ធនាការអន្ទាក់សូន្យ ធ្វើឡើងរយៈពេល ៦ខែ ក្នុងខេត្តចំនួន ៦ ក្នុងភូមិសាស្ត្រភាគខាងកើតទន្លេមេគង្គ រួមមានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ផ្តួចផ្តើមនិងដឹកនាំធ្វើដោយក្រសួងបរិស្ថាន និងអង្គការដៃគូ ដែលសហការក្នុងការងារអភិរក្ស។ សម្រាប់យុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តស្ទឹងត្រែង នឹងមានរយៈពេលមួយខែ ដែលនឹងដឹកនាំធ្វើក្រោមកិច្ចសហការរវាងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ WWF ៕
អត្ថបទ៖ ពុធិកា