រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា ការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងក្នុងរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅមិនបានពេញលេញដូចរៀងរាល់ថ្ងៃនោះទេ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។
ការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម មិនបានពេញលេញរយៈពេល ០៣ថ្ងៃនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ដោយសារកម្មករ-កម្មការិនីរបស់ក្រុមហ៊ុន 800 Super GAEA (Cambodia) Co., Ltd ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd និងក្រុមហ៊ុន CintriEverbright ត្រូវបានឈប់សម្រាកពីការងារ។
ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន និងសោភ័ណភាព រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់លំនៅឋានក្នុងរាជធានីភ្នំពេញទាំងអស់មេត្តាយោគយល់ និង អធ្យាស្រ័យកុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈនៅក្នុងអំឡុងពេលដែលការផ្តល់សេវាមិនបានពេញលេញនេះ ដោយសូមរក្សាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួនជាបណ្ដោះអាសន្នសិន។
រដ្ឋបាលរាជធានីភ្នំពេញ ក៏សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមចំណែកថែរក្សាអនាម័យ បរិស្ថានរាជធានីភ្នំពេញឱ្យបានល្អប្រសើរជាមិនខាន ៕ អត្ថបទ៖ ពុធិកា