គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២១ ប្រជាជននៅតាមតំបន់ជនបទទូទាំងរាជធានី-ខេត្ត ចំនួន ៧៧.២% មានបង្គន់អនាម័យប្រើប្រាស់ ខណៈដែលប្រជាជនជនបទប្រមាណ ៧៣.៤ % មានទឹកស្អាតប្រើប្រាស់គ្រាប់គ្រាន់។
លើកឡើងក្នុងកិច្ចប្រជុំថ្នាក់ក្រោមជាតិ ដើម្បីពន្លឿនការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅកម្ពុជា (ODF) នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ក្នុងចំណោមខេត្តទាំង៥ ដែលជាខេត្តគោលដៅសម្រាប់បញ្ឈប់ការបន្ទោបង់ពាសវាលពាសដែលរួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តកែប មកដល់ពេលនេះខេត្តស្វាយរៀង ជាខេត្តដំបូងគេដែលបានក្លាយជាខេត្តដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
លោកបន្តថា នៅឆ្នាំ ២០២១ ប្រជាជនជនបទប្រមាណ៧៧.២% មានបង្គន់អនាម័យប្រើប្រាស់។
កិច្ចប្រជុំពន្លឿនការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅកម្ពុជា ដើម្បីធ្វើការឆ្លុះបញ្ចាំងវឌ្ឍនភាពការកំណត់គោលដៅឡើងវិញ និងបញ្ជាក់ពីការតាំងចិត្ត លើការរៀបចំផែនការ ODF រាជធានីខេត្តនីមួយៗ ស្របតាមផែនការសកម្មភាពជាតិលើកទី២ ដែលបានកំណត់នៅឆ្នាំ២០២៣ សម្រេចឱ្យបាន ៩០% និងឆ្នាំ ២០២៥ សម្រេចឱ្យបាន១០០%។
បើតាមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ការសម្រេចបានដូចនេះ បើប្រៀបធៀបទៅនឹងគោលដៅនៃសូចនាករ ដែលបានកំណត់ក្នុងផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៣ (NAP-2) លទ្ធផលដែលទទួលបានក្នុងឆ្នាំ២០២១ គឺចំនួនភូមិ ODF និងឃុំ ODF សម្រេចបានប្រមាណតែ៥០% ប៉ុណ្ណោះនៃគោលដៅភូមិចំនួន ៨,៨៥៩ និងឃុំចំនួន ៤១៥។ ដោយឡែកចំនួនស្រុក ODF សម្រេចបានច្រើនពោលគឺមាន ១៩ស្រុក នៃគោលដៅស្រុកចំនួន២០ ខណៈចំនួនខេត្ត ODF សម្រេចបានលើសគោលដៅដែលបានកំណត់សម្រាប់ឆ្នាំ២០២១៕