ដើម្បីទប់ទល់ទណ្ឌកម្ម រុស្ស៊ីសម្រេចបង្កើនមូលនិធិបម្រុងទុកគ្រាមានអាសន្ន រហូតដល់ ៣,៥ ពាន់លានដុល្លារ

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបង្កើនមូលនិធិបម្រុងទុករបស់ប្រទេស ដែលប្រើសម្រាប់ការចំណាយក្នុងគ្រាមានអាសន្ន ដល់ចំនួន ២៧៣,៤ ពាន់លានរូប ឬ ៣,៥២ ពាន់លានដុល្លារ ដើម្បីធានាដល់ស្ថិរភាពសេដ្ឋកិច្ច ក្រោយមានការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ទណ្ឌកម្មដែលត្រូវបានដាក់ បន្ទាប់ពីរុស្ស៊ី បានចូលឈ្លានពានទៅលើអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភ: បានធ្វើឱ្យប្រទេសមួយនេះ ត្រូវបានកាត់ចេញពីហិរញ្ញវត្ថុសកល និងបណ្តាញផ្គត់ផ្គង់ ។

យ៉ាងណាក៏ដោយ ប្រទេសនៅលោកខាងលិច បាននឹងកំពុងតែខិតជិត ទៅរកការហាមឃាត់ទាំងស្រុង និងកាត់ផ្តាច់ថាមពលរបស់រដ្ឋាភិបាលវិមានក្រឹមឡាំង ពីប្រភពចំណូលធំៗរបស់ពួកគេ ។

ប៉ុន្តែ ទន្ទឹមនឹងបញ្ហានេះ រដ្ឋាភិបាលរុស្ស៊ី បានសន្យាផ្តល់ជំនួយជាង ១ ពាន់លានរូប រួចជាស្រេច ក្នុងការគាំទ្រ ដើម្បីប្រឆាំងទៅនឹងវិបត្តិជូនដល់អាជីវកម្ម ការទូទាត់សង្គម និងដល់គ្រួសារដែលមានកូន ។

ហើយមិនតែប៉ុណ្ណោះ រដ្ឋាភិបាលរុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ” មូលនិធិ ក្នុងចំណោមរបស់ផ្សេងទៀត នឹងត្រូវបានប្រើ ដើម្បីអនុវត្តវិធានការ ដែលមានគោលបំណងធានាដល់ស្ថិរភាពសេដ្ឋកិច្ច ចំពេលកំពុងមានការដាក់ទណ្ឌកម្មពីប្រទេសខាងក្រៅ ” ។

លើសពីនេះ រដ្ឋាភិបាលដដែលនេះ បាននិយាយថា ប្រភពសំខាន់ នៃការបង្កើនមូលនិធិបម្រុង រហូតដល់ជាង ៣ ពាន់លានដុល្លារនេះ គឺទទួលបានពីចំណូលលើវិស័យថាមពល ដែលទទួលបាននៅក្នុងត្រីមាសទី ១ ដោយសារតែតម្លៃប្រេង និងឧស្ម័ន បានកើនឡើង ដូច្នេះហើយទើបវាបានផ្តល់ឱ្យរដ្ឋ ទទួលបានការឆ្លើយតប ទៅនឹងការងើបឡើងវិញ ពីផលប៉ះពាល់នៃកូវីដ ១៩ និងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងតែបន្ត ៕

បញ្ជាក់ផងដែរថា រុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ប្រហែល ៤០% នៃការប្រើប្រាស់ហ្គាស របស់សហភាពអឺរ៉ុប ដែលមានតម្លៃជាង ៤០០ លានដុល្លារ ក្នុងមួយថ្ងៃ។ ហើយសហភាពអឺរ៉ុប ទទួលបានមួយភាគបី ណៃការនាំចូលប្រេង ពីប្រទេសរុស្ស៊ី ដែលមានតម្លៃប្រហែល ៧០០ លានដុល្លារ ក្នុងមួយថ្ងៃ ៕

ប្រភព: Money US