ក្រៅតែពីគ្រូបង្រៀន ឪពុកម្ដាយឬអាណាព្យាបាលសិស្សក៏មានតួនាទីសំខាន់ណាស់ដែរក្នុងការចូលរួមចំណែកជួយឱ្យការសិក្សារបស់កូនទទួលបានលទ្ធផលល្អប្រសើរ។ តើឪពុកម្ដាយឬអាណាព្យាបាលសិស្សមានតួនាទីអ្វីខ្លះក្នុងការជំរុញឱ្យការសិក្សារបស់កូនទទួលបានលទ្ធផលល្អប្រសើរ?
ទី១/ គឺឪពុកម្ដាយឬអាណាព្យាបាលសិស្សត្រូវយកចិត្តទុកដាក់តាមដាន ឬពិនិត្យមេរៀនដែលគ្រូដាក់ឱ្យកូន។ មានន័យថា ពេលកូនមកពីរៀនវិញ ពួកគាត់ត្រូវតាមដានថា តើកូនមានមេរៀនឬអត់? តើមេរៀននោះតិចឬច្រើន? តើកូនធ្វើមេរៀនត្រូវឬអត់? តើសាលាមានតម្រូវការឱ្យឪពុកម្ដាយឬអាណាព្យាបាលសិស្សស៊ីញេអ្វីឬអត់? តើសាលាមានតម្រូវការឱ្យសិស្សស្រាវជ្រាវឬអត់? តើមេរៀនដែលគ្រូដាក់ឱ្យសិស្សត្រូវការគិត ឬត្រូវការវិភាគឬអត់? ព្រោះគ្រូខ្លះខ្ជិល គាត់ដាក់មេរៀនឱ្យសិស្សធ្វើស្រួលៗ ដើម្បីងាយស្រួលកែ។ ប៉ុន្តែបើគ្រូមានស្ដង់ដារ ឬមានវិជ្ជាជីវៈត្រឹមត្រូវ គេដាក់មេរៀនណាដែលតម្រូវឱ្យសិស្សគិត និងវិភាគ ដើម្បីធ្វើឱ្យខួរក្បាលសិស្សដំណើរការល្អ និងឈ្លាសវៃ។ នៅស្រុកគេគ្រូអត់អត់ហ៊ានបង្រៀនសិស្សផ្ដេសផ្ដាសទេ ព្រោះឪពុកម្ដាយឬអាណាព្យាបាលសិស្សតាមដានការសិក្សារបស់កូនគេជានិច្ច តាមដានសៀវភៅមេរៀនកូនគេរាល់ថ្ងៃ ដូច្នេះបើឃើញគ្រូបង្រៀនកូនគេមិនល្អ ឬមិនយកចិត្តទុកដាក់កែមេរៀន និងលំហាត់កូនគេទេ គេនឹងទៅតវ៉ា។ និយាយរួមឪពុកម្ដាយនៅស្រុកគេយកចិត្តទុកដាក់លើការសិក្សារៀនសូត្ររបស់កូនខ្លាំងណាស់ ដូច្នេះហើយបានជាកូនគេរៀនពូកែ ឆ្លាត ឈ្លាសវៃ។
ទី២/ ឪពុកម្ដាយឬអាណាព្យាបាលសិស្សគួរតែឆ្លើយឆ្លងជាមួយសាលា ឬជាមួយគ្រូឱ្យបានជាប់លាប់។ ឧទាហរណ៍ថា បើគេទូរសព្ទមកណាត់ឱ្យទៅជួប យើងត្រូវតែទៅជួបគេតាមការណាត់ ព្រោះជួនកាលគេសួរយើងអំពីបញ្ហាកូនរបស់យើងដែលមាននៅក្នុងថ្នាក់រៀន៖ “ហេតុអ្វីបានជាគាត់ស្ងៀមស្ងាត់? ហេតុអ្វីបានជាគាត់ច្រងេងច្រងាង? ហេតុអ្វីបានជាគាត់ឡូឡា? ហេតុអ្វីបានជាគាត់រៀនមិនចូល? ហេតុអ្វីបានជាគាត់តប់ប្រមល់?…” គឺគេចង់ដឹងអំពីបញ្ហាកូនរបស់យើងនៅផ្ទះ គេចង់ដឹងអំពីបញ្ហាគ្រួសារ បញ្ហាសេដ្ឋកិច្ច…។ ដូច្នេះបើខាងសាលាហៅយើងមកជួប យើងត្រូវតែមកជួបគេ ព្រោះជួនកាលគេប្រាប់យើងឱ្យដឹងថា កូនយើងមានកង្វះខាតខាងនេះ កង្វះខាតខាងនោះ ដើម្បីឱ្យយើងបំប៉ន និងយកចិត្តទុកដាក់តាមដាននូវចំណុចខ្សោយទាំងអស់ហ្នឹង ដើម្បីកុំឱ្យកូនហ្នឹងរៀនធ្លាក់ទាន់ ដ្បិតអីបើកូនរៀនធ្លាក់ នោះគេនឹងបាក់ទឹកចិត្ត។ មួយវិញទៀត បើក្មេងរៀនខ្សោយដោយសារចំណុចណាមួយ គេនឹងហៅឪពុកម្ដាយមកពន្យល់ ហើយជួនកាលគេតាមដានយូរទៅទើបគេរកឃើញថា “អូ! កូនហ្នឹងមានជំងឺនេះ, កូនហ្នឹងមានការពិបាកខាងនេះ, កូនហ្នឹងមានជំងឺ Dyslexia, កូនហ្នឹងមានជំងឺសរសៃប្រសាទ (Autism), កូនហ្នឹងមានជំងឺ attention deficit hyperactivity disorder (ADHD) ជាដើម”។ ជំងឺ ADHD ក៏គេត្រូវយកទៅព្យាបាលដែរ ព្រោះវាទាក់ទងនឹងជំងឺផ្លូវចិត្ត ដែលធ្វើឱ្យក្មេងហ្នឹងពុះកញ្រ្ជោល ឡូឡា រត់ចុះរត់ឡើងពេញហ្នឹង។ ជំងឺហ្នឹងគេមានថ្នាំព្យាបាល ដែលធ្វើឱ្យក្មេងហ្នឹងស្ដាប់បាន។ នៅស្រុកគេ គេមានកម្មវិធីជួបជុំជាមួយឪពុកម្ដាយសិស្សក្នុងមួយឆ្នាំ២ទៅ៣ដង គឺកម្មវិធី Pen counseling PTA។ ឪពុកម្ដាយសិស្សនៅស្រុកគេត្រូវតែទៅចូលរួមកម្មវិធី Pen Counseling PTA ហ្នឹងជាដាច់ខាត ព្រោះកម្មវិធីហ្នឹងតម្រូវឱ្យគ្រូនិងឪពុកម្ដាយសិស្សអង្គុយពិភាក្សាគ្នា ស្វែងរកចំណុចខ្សោយ និងចំណុចខ្លាំងរបស់សិស្សដើម្បីដឹងថា តើត្រូវធ្វើយ៉ាងម៉េចឱ្យកូនហ្នឹងខំរៀន រៀនពូកែ និងទទួលបានលទ្ធផលល្អក្នុងការសិក្សា។
ទី៣/ ឪពុកម្ដាយត្រូវរៀបចំឱ្យកូនចូលគេង និងក្រោកពីគេងឱ្យបានត្រឹមត្រូវ។ មានន័យថា ល្ងាចឡើងបន្ទាប់ពីឱ្យកូនធ្វើមេរៀន ធ្វើលំហាត់រួចរាល់ហើយ ម្ដាយឪពុកត្រូវរៀបចំឱ្យកូនចូលគេងឱ្យបានត្រឹមត្រូវ ចៀងវាងបណ្ដោយឱ្យពួកគេលេងទូរសព្ទ ឬលេងហ្គេមជ្រុលម៉ោង ដែលធ្វើឱ្យពួកគេគេងអត់លក់ស្កប់ស្កល់។ ប្រសិនបើកូនរវល់លេងទូរសព្ទ ឬលេងហ្គេមដល់យប់ជ្រៅ នោះកោសិកាខួរក្បាលពួកគាត់នឹងក្ដៅ ជាហេតុធ្វើឱ្យពួកគាត់គេងមិនលក់ពេញមួយយប់។ បើគាត់បន្តសកម្មភាពបែបនេះរាល់ថ្ងៃ យូរៗទៅគាត់នឹងមានទម្លាប់មួយគេងអត់លក់ គេងអត់ស្កប់ស្កល់ ដែលធ្វើឱ្យមានបញ្ហាប៉ះពាល់ដល់ដំណេក។ បើក្មេងមានបញ្ហាដំណេក នោះនឹងធ្វើឱ្យប៉ះពាល់ដល់ការសិក្សារៀនសូត្ររបស់គាត់មិនខាន។ ដូច្នេះ បើចង់ឱ្យកូនរៀនពូកែ និងទទួលបានលទ្ធផលសិក្សាល្អនោះ ឪពុកម្ដាយឬអាណាព្យាបាលសិស្សត្រូវតែខ្នះខ្នែងរៀបចំឱ្យកូនៗរបស់ខ្លួនចូលគេង និងក្រោកពីគេងឱ្យបានទៀងទាត់ និងត្រឹមត្រូវ។
ទី៤/ ឪពុកម្ដាយត្រូវចម្អិនអាហារពេលព្រឹកឱ្យកូនញ៉ាំ ហើយត្រូវរៀបចំសម្ភារសិក្សាកូនឱ្យបានត្រឹមត្រូវមុននឹងជូនកូនទៅសាលារៀន។ តាមការកត់សម្គាល់របស់ខ្ញុំ កូនណាព្រលឹមឡើងមានម៉ែឪចម្អិនចំណីអាហារឱ្យញ៉ាំ ងួតទឹកឱ្យ រៀបចំសៀវភៅ រៀបចំកាបូប រៀបចំសម្ភារសិក្សាឱ្យ កូននោះភាគច្រើនរៀនពូកែ។ ចំណែកកូនដែលគ្មានឪពុកម្ដាយចាំមើលថែ ហើយគ្មានអ្នកយកចិត្តទុកដាក់ចម្អិនអាហារពេលព្រឹកឱ្យញ៉ាំ គ្មានឪពុកម្ដាយងួតទឹកឱ្យ ព្រលឹមឡើងម្ដាយឪពុកឈ្លោះប្រកែកគ្នា វាយតប់គ្នា ក្នុងគ្រួសារអាប់អួ ភាគច្រើនកូននោះពុំសូវរៀនពូកែឡើយ។ មែនទែនទៅ រឿងឈ្លោះទាស់ទែងគ្នារវាងប្ដីប្រពន្ធ គេមិនឱ្យកូនចៅដឹងឮនោះទេ ពោលបើមានបញ្ហាអីគេនិយាយគ្នាពីរនាក់ប្ដីប្រពន្ធស្ងាត់ៗ ដើម្បីកុំឱ្យប៉ះទង្គិចដល់ផ្លូវចិត្តរបស់កូន។ ព្រោះថា ប្រសិនជាកូនមានបញ្ហាផ្លូវចិត្ត ឬធុញថប់នឹងបរិយាកាសក្នុងគ្រួសារ កូននោះប្រាកដជារៀនអត់ចូលទេ ហើយភាគច្រើនពួកគេនឹងរៀនធ្លាក់ (រៀនត្រួតថ្នាក់)។
ទី៥/ ត្រូវរៀបចំកន្លែងសមរម្យឱ្យកូនរៀន។ យើងត្រូវសួរខ្លួនឯងថា តើក្នុងផ្ទះយើងមានបន្ទប់ឱ្យកូនរៀនត្រឹមត្រូវឬអត់? ក្នុងផ្ទះមានពន្លឺចង្កៀង ឬអំពូលត្រឹមត្រូវឱ្យកូនរៀនឬអត់? តើមានតុត្រឹមត្រូវឬអត់? តើមានកន្លែងស្ងប់ស្ងាត់ឱ្យកូនរៀនឬអត់? មែនទែនទៅ សូម្បីតែផ្ទះអ្នកក្រ ក៏គេត្រូវរៀបចំឱ្យមានបន្ទប់ឱ្យកូនរៀន មានតុឱ្យកូនអង្គុយរៀន មានពន្លឺចង្កៀងឬអំពូលបំភ្លឺឱ្យកូនរៀនដែរ។ បែបនេះគេហៅថា ក្របែបថ្លៃថ្នូរ។ ប៉ុន្តែបើយើងក្រ ហើយក្នុងផ្ទះគ្មានកន្លែងឱ្យកូនរៀនសមរម្យ គ្មានពន្លឺចង្កៀងឬអំពូលបំភ្លឺឱ្យកូនរៀន គ្មានតុនិងកៅអីឱ្យកូនអង្គុយរៀនស្រួលបួលទេ បែបនេះគេហៅថា ក្រគ្មានគំនិត ឬគ្មានមារយាទ។ មួយវិញទៀត ប្រសិនបើយើងមានជីវភាពសមរម្យឬធូរធារដែរ ហើយយើងនៅតែគ្មានបន្ទប់តូចមួយឱ្យកូនរៀន គ្មានអំពូលភ្លើងបំភ្លឺឱ្យកូនរៀន គ្មានតុនិងកៅអីឱ្យកូនអង្គុយរៀន បែបនេះគេហៅថា ចោលម្សៀត មារយាទមិនកើតតែម្ដង។ ដូច្នេះទោះបីមានឬក្រក៏ដោយ ផ្ទះយើងត្រូវតែមានកូនបន្ទប់តូចមួយឱ្យកូនអង្គុយរៀនសូត្រ។ ក្នុងបន្ទប់នោះទៀតសោតត្រូវមានតុ កៅអី ទៀន ចង្កៀង ឬអំពូលម៉ែត្រដើម្បីបំភ្លឺឱ្យកូនរៀននោះទើបកូនយើងមានអារម្មណ៍ស្រស់ស្រាយក្នុងការរៀនសូត្រ។
ទី៦/ កុំប្រើកូនឱ្យធ្វើកិច្ចការផ្ទះរហូតគ្មានពេលអានសៀវភៅ ឬមើលមេរៀនឱ្យសោះ។ ឪពុកម្ដាយឬអាណាព្យាបាលសិស្សមួយចំនួន ពួកគាត់អត់ខ្វាយខ្វល់ឬចាប់អារម្មណ៍ថា ខាងសាលាតម្រូវឱ្យកូនពួកគាត់ធ្វើមេរៀនឬអត់នោះទេ? ពួកគាត់ដឹងតែពេលកូនចេញពីរៀនមកដល់ផ្ទះវិញ៖ “អ្ហ៊េ! អ្ហែងដាំបាយ!, អ្ហ៊េ! អ្ហែងជូតផ្ទះ!, អ្ហ៊េ! អ្ហែងទៅទិញអីវ៉ាន់!, អ្ហ៊េ! អ្ហែងអ៊ីចេះ អ៊ីចុះ…”។ សាកគិតមើល៍! កូនរៀនមួយថ្ងៃឡើងខ្សោះអស់កម្លាំងពីខ្លួនទៅហើយ លុះដល់ពេលមកដល់ផ្ទះយើងប្រើគាត់ទៀត តើគាត់ខ្សោះកម្លាំងយ៉ាងណាទៅ? តើគាត់រៀនចូលទេ? គឺរៀនមិនចូលទេ! ខ្ញុំនិយាយបែបនេះ មិនមែនមានន័យថាមិនឱ្យម៉ែឪប្រើកូនសោះនោះទេ គឺយើងអាចប្រើគាត់ខ្លះដើម្បីឱ្យគាត់ស៊ាំនឹងកិច្ចការផ្ទះបាន ប៉ុន្តែយើងមិនត្រូវប្រើគាត់ឱ្យធ្វើកិច្ចការផ្ទះ១០០% នោះទេ ព្រោះបើទម្លាប់ប្រើកូនបែបនេះពេក នឹងធ្វើឱ្យកូនហ្នឹងខ្សោះខ្លួន រៀនអត់ចូល គ្មានកម្លាំងគិត ឬគ្មានកម្លាំងធ្វើមេរៀន។
ទី៧/ ឪពុកម្ដាយត្រូវតែទិញកាបូប ប៊ិក សៀវភៅ ខ្មៅដៃ ទឹកលប់ និងសម្ភារសិក្សាផ្សេងៗទៀតឱ្យកូនឱ្យបានគ្រប់គ្រាន់ ព្រោះបើគ្មានសម្ភារសិក្សាគ្រប់គ្រាន់ ក៏ជាមូលហេតុធ្វើឱ្យក្មេងរៀនមិនពូកែ ឬខ្ជិលរៀនផងដែរ។ ម្យ៉ាងឪពុកម្ដាយគ្រប់រូបក៏គួរតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតផងដែរក្នុងការរៀបចំឱ្យកូនមានមធ្យោបាយទៅសាលាត្រឹមត្រូវ ព្រោះបើគ្មានមធ្យោបាយទៅសាលារៀនទេ ពួកគេនឹងខ្ជិលទៅរៀន។ បើសិនជាពួកគេខ្ជិលទៅរៀន នោះយូរឬឆាប់ពួកគេនឹងបោះបង់ការសិក្សាចោល។
ទី៨/ ឪពុកម្ដាយគ្រប់រូបគួរតែឧស្សាហ៍នាំកូនទៅបណ្ណាល័យអានសៀវភៅ។ មានន័យថា ក្រៅពីពិនិត្យមេរៀនកូននៅផ្ទះ ឪពុកម្ដាយក៏គួរតែឧស្សាហ៍ទៅបណ្ណាល័យអានសៀវភៅជាមួយកូនផងដែរ ដើម្បីឱ្យកូនយល់ពីភាពសង់ទីម៉ង់ ភាពរ៉ូមែនទិក ភាពកម្សាន្ត ភាពសប្បាយ កុំឱ្យពួកគាត់ធុញថប់នឹងការសិក្សារៀនសូត្រពេក។ នៅសហរដ្ឋអាមេរិក ជួនកាលទាំងប្ដីទាំងប្រពន្ធគេគេងក្បែរគ្នាអានសៀវភៅឱ្យកូនស្ដាប់ ហើយបើចេះភាសាដទៃគេយកសៀវភៅភាសានោះមកអានហើយបកប្រែឱ្យកូនស្ដាប់ទៀត។ ជួនកាលបើប្ដីគេជាជនជាតិអាល្លឺម៉ង់ គេយកសៀវភៅសរសេរជាភាសាអាល្លឺម៉ង់មកអាន ហើយគេបកប្រែឱ្យកូនស្ដាប់។ គេធ្វើបែបនេះដើម្បីឱ្យកូនដឹងពីផ្នត់គំនិតជនជាតិដទៃ ថាសៀវភៅគេសរសេរយ៉ាងម៉េច? គេមានគំនិតអប់រំយ៉ាងម៉េច? ជាដើម។
ទី៩/ ត្រូវបង្រៀនកូនឱ្យមានសីលធម៌ និងចេះទទួលកំហុសពេលធ្វើខុស។ ជាឪពុកម្ដាយ យើងគួរតែអប់រំកូនឱ្យមានសីលធម៌ក្នុងខ្លួន ណែនាំពួកគេកុំឱ្យច្រឡើសបើស កុំឱ្យឈ្លោះឬវាយតប់គ្នានៅថ្នាក់រៀន ពិសេសនោះត្រូវណែនាំកូនកុំឱ្យលួចរបស់របរមិត្តភក្តិ។ នៅបរទេស ប្រសិនបើកូនយករបស់របរគេ ម៉ាក់ប៉ាគេឱ្យកូននោះយកទៅឱ្យគេវិញដល់ផ្ទះគេតែម្ដង ហើយឱ្យកូនសូមទោសគេទៀតផង។ មួយវិញទៀត ប្រសិនបើកូនឈ្លោះទាស់ទែងគ្នា ម៉ែឪក្មេង “ក” នាំកូនទៅដល់ផ្ទះប្រាប់ម្ដាយឪពុកក្មេង ខ ថា “កូនអ្នកឯងវ៉ៃកូនខ្ញុំ!” ចំណែកម្ដាយឪពុកក្មេង ខ សួរកូនគាត់ថា “តើកូនឯងមានបានវ៉ៃគាត់អត់? ហេតុអ្វីបានវ៉ៃគាត់?” សួរចុះសួរឡើងបានដឹងថា “មកពីគាត់នោះរុញខ្ញុំមុន ធ្វើឱ្យខ្ញុំឈឺជើង ហូរឈាមជើង ទើបបានជាខ្ញុំវ៉ៃគាត់មុន” បន្ទាប់មកឪពុកម្ដាយក្មេង ក សួរកូនគាត់វិញម្ដងថា “តើកូនឯងមានបានរុញគេអត់?” កូនគាត់ឆ្លើយថា “ខ្ញុំរុញគាត់ តែខ្ញុំគ្រាន់តែរុញលេង”។ ម្ដាយឪពុកក្មេង ក ថា “កូនឯងរុញគេចឹង គេដួលគេឈឺហើយ ចឹងបានជាគេវៃ ដូច្នេះកូនឯងត្រូវសូមទោសគេ”។ ម៉ែឪក្មេង ក ដែលនាំកូនមកសួរនាំ គាត់ប្រាប់កូនខ្លួនឯងឱ្យសូមទោសគេវិញ ដល់ពេលអ៊ីចឹងកូនហ្នឹងពេលដឹងថាខ្លួនឯងខុស គឺគាត់ទទួលកំហុស ហើយថ្ងៃក្រោយគាត់លេងហ៊ានធ្វើខុសទៀតហើយ។
ទី១០/ ត្រូវតាមដានថានៅថ្នាក់រៀនមានអ្នកធ្វើបាបកូនឬអត់ ព្រោះបើកូនយើងត្រូវបានមិត្តភក្តិនៅសាលាធ្វើបាប គាត់ច្បាស់ជារៀនមិនចូលទេ ហើយគាត់នឹងមានអារម្មណ៍តានតឹង ចង់ប្ដូរសាលា។ ដូច្នេះ ប្រសិនបើមានគេធ្វើបាបកូននៅសាលា ម៉ែឪត្រូវនាំកូនទៅសាលាជួបចាងហ្វាង ឬនាយកសាលា ដើម្បីឱ្យពួកគាត់ហៅម៉ែឪសិស្ស និងសិស្សដែលចូលចិត្តធ្វើបាបគេនោះមកសួរ និងពន្យល់ណែនាំ។ ប្រសិនបើពន្យល់ណែនាំម្ដងពីរដងមិនកែ ហើយគេពិន័យ២ឬ៣ដងនៅតែមិនកែទៀត គឺគេនឹងបញ្ឈប់ក្មេងដែលចូលចិត្តធ្វើបាបគេនោះ លែងឱ្យរៀននៅសាលាហ្នឹងតែម្ដង។ ប៉ុន្តែភាគច្រើននៅពេលគេណែនាំគាត់ម្ដងជាពីរដងរួចហើយ គាត់លែងច្រឡើសបើសទៀតហើយ ព្រោះខ្លាចសាលាបញ្ឈប់គាត់លែងឱ្យរៀន។ ប្រសិនបើសាលាបញ្ឈប់លែងឱ្យរៀន គាត់គ្មានសាលារៀនទេ ដូច្នេះថ្ងៃក្រោយគាត់ដើរប៉ោឡែ ខូចអនាគត វេទនាមួយជីវិត។
ទី១១/ លើកទឹកចិត្តកូន។ អ្នកអាណាព្យាបាលនៅស្រុកខ្មែរភាគច្រើនមិនសូវមានទម្លាប់លើកទឹកចិត្តកូនរបស់ខ្លួនដើម្បីឱ្យពួកគេខិតខំរៀនសូត្រនោះទេ។ ផ្ទុយទៅវិញពួកគាត់បែរជាចូលចិត្តបន្ដុះបង្អាប់កូននៅចំពោះមុខអ្នកដទៃទៅវិញ។ ខ្ញុំធ្លាប់ឮអ្នកអាណាព្យាបាលសិស្សមួយចំនួនស្ដីឱ្យកូនចំពោះមុខគេថា “ថ្មើរនេះតើអ្ហែងទើបតែមកពីណា? បងឯងមើលវាចុះ វាចោលម្សៀតខ្លាំងណាស់ មួយថ្ងៃៗដើរតែលែងទេ អត់ជួយធ្វើការងារខ្ញុំបន្តិចសោះ!”។ នៅពេលដែលកូននោះដើរទៅក្នុងភូមិ អ្នកភូមិផងគេខ្សឹបខ្សៀវប្រាប់កូនគេថា “កូនឯងកុំដើរជាមួយអាហ្នឹង អាហ្នឹងចោលម្សៀត ម៉ែវាស្អប់វាណាស់…”។ គ្រាន់តែឮអ្នកភូមិខ្សឹបខ្សៀវគ្នាអ៊ីចឹងហើយ មកវិញកូននោះបាក់ទឹកចិត្ត បោកចាន បោករបស់របរ ហើយរឹតតែធ្វើខ្លួនជាក្មេងទំនើង ឬក្មេងយូកូមលើសដើម លេងចូលសាលារៀនតែម្ដង។ ស្រុកខ្មែរសម្បូរក្មេងគេចសាលារៀន (អត់ចូលរៀន) ណាស់ ហើយយើងពុំទាន់ឃើញមានក្រសួងពាក់ព័ន្ធណាមានចំណាត់ការ ឬរកដំណោះស្រាយបញ្ហានេះនៅឡើយទេ។ នៅសហរដ្ឋអាមេរិក បើសិនម៉ោងរៀនកូនសិស្សណាម្នាក់មិនចូលថ្នាក់រៀនទេ គេនឹងហៅឪពុកម្ដាយសិស្សនោះទៅពិន័យ ហើយឱ្យទៅរៀន៦ខែថែមទៀតផង។ ម្យ៉ាង ប្រសិនបើឪពុកម្ដាយមកផ្ទះវិញខឹងកូនវ៉ៃកូនទៀត នោះនឹងជាប់គុក៦ខែថែមទៀត។
ផ្ទុយទៅវិញ ប្រសិនបើអ្នកអាណាព្យាបាលចេះលើកទឹកចិត្តកូន ឬចេះប្រើចិត្តសាស្រ្តផ្ទុយ នោះកូននឹងមានកម្លាំងចិត្តរៀនសូត្រ ហើយពួកគេនឹងធ្វើខ្លួនជាកូនល្អ មនុស្សល្អ ពលរដ្ឋល្អនៅក្នុងសង្គម។ តើត្រូវលើកទឹកចិត្ត ឬប្រើចិត្តសាស្រ្តផ្ទុយយ៉ាងម៉េចចំពោះកូន? គឺត្រូវនិយាយល្អពីកូនយើងប្រាប់អ្នកដទៃថា “បងអើយបង! មើលចុះ! កូនខ្ញុំមកពីរៀនហត់ណាស់ គេខំធ្វើមេរៀន ហើយគេខំជួយធ្វើកិច្ចការផ្ទះទៀត”។ នៅពេលដែលកូនឮម្ដាយនិយាយដូច្នេះ ទោះបីកូននោះខ្ជិលប៉ុនណាក៏ដោយ ក៏គាត់ខំកែខ្លួនធ្វើឱ្យបានល្អដូចម្ដាយគាត់និយាយអ៊ីចឹង។ ពិសេសនោះ បើសិនជាយើងនិយាយល្អពីកូនប្រាប់អ្នកដទៃ នៅពេលកូនយើងទៅលេងផ្ទះគេ គឺគេទទួលស្វាគមន៍គាត់ ហើយគេចង់ឱ្យកូនពួកគេដើរតាមកូនយើងទៀតផង។ បែបនេះតើអ្នកមានមោទនាភាពចំពោះកូនរបស់អ្នកដែរឬទេ?
សូមចាំថា កូនគេរៀនពូកែ គឺដោយសារម៉ែឪគេស្រឡាញ់កូន មើលថែកូន មិនវាយកូន។ ពេលកូនមកពីរៀនវិញ ម្ដាយឪពុកគេដាំបាយដាំទឹក សួររំឭកកូនឱ្យធ្វើកិច្ចការសាលាដែលគ្រូដាក់ឱ្យធ្វើ។ មុនពេលចូលគេង គេរៀបចំសំលៀកបំពាក់ទុកដាក់ឱ្យកូនរួចជាស្រេច ព្រលឹមឡើងដាស់កូនឱ្យងើប ងួតទឹកនិងដុសធ្មេញឱ្យកូន រៀបបបរឱ្យកូនញ៉ាំ រៀបសៀវភៅប៊ិកចូលកាបូបឱ្យកូនទៅរៀន ហើយមុនពេលជូនកូនទៅរៀនគេឱបថើបកូន ដែលជាហេតុធ្វើឱ្យកូនសប្បាយ និងមានភាពកក់ក្ដៅ។ ចុះម្ដាយឪពុកខ្លះ ព្រលឹមឡើងឈ្លោះគ្នាគ្រវែងចានឆ្នាំងរាយប៉ាយពេញដី ម្ដាយជាប់លេងបៀភ្លេចបាយភ្លេចទឹកប្ដីនិងកូន ឪពុកស្រវឹងអួទីនួខួបរករឿងប្រពន្ធកូន តើកូនរៀនពូកែទៅរួចទេ? តើកូនក្លាយជាកូនល្អទៅរួចទេ? គឺអត់ទៅរួចទេ! ព្រោះថា បើឪពុកម្ដាយយ៉ាងម៉េច នោះកូនក៏ដូច្នោះដែរ គឺដូចពាក្យចាស់ពោលថា “ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់” នោះឯង៕
ប្រភព៖MJQ University Press