Elon Musk បដិសេធ​មិន​ចូល​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ Twitter ទោះ​មាន​ភាគហ៊ុន​ធំ​បំផុត

អន្តរជាតិ

ជា​ទូទៅ​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ធំៗ​តែងតែ​ប្រគល់​ជូន​ដល់​បុគ្គល​ដែល​មាន​តំណែង​ខ្ពស់​នៃ​ក្រុមហ៊ុន ស្ថាបនិក ឬ​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន និង​បុគ្គល​ដែល​មាន​ភាគហ៊ុន​ធំ​បំផុត​ប្រចាំ​ក្រុមហ៊ុន ហើយ​តំណែង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​ពិត​ជា​សំខាន់​ណាស់ ដោយសារ​ស្ទើរតែ​គ្រប់​ការ​សម្រេចចិត្ត​ធំៗ​តម្រូវ​ឲ្យ​ឆ្លងកាត់​ការ​យល់ព្រម​ពី​ពួកគេ​ជា​មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា សម្រាប់​មហាសេដ្ឋី​អាមេរិក Elon Musk បែរ​ជា​មិន​ខ្វាយខ្វល់​ជាមួយ​មុខ​តំណែង​ខាងលើ ដោយ​បាន​បដិសេធ​មិន​ព្រម​ក្លាយជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​របស់ Twitter ឡើយ បើ​ទោះជា​លោក​មាន​ភាគហ៊ុន​ធំ​បំផុត​ប្រចាំ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​ក្ដី។

បើ​យោង​តាម​ការ​ទម្លាយ​ឲ្យ​ដឹង​ពី CEO នៃ​​ Twitter គឺ​លោក Parag Agrawal បាន​ឲ្យ​ដឹងថា Elon Musk ដែល​មាន​ភាគហ៊ុន ៩,២% ធំ​បំផុត​នៃ​ក្រុមហ៊ុន​ត្រូវបាន​ផ្ដល់​សំណើ​ឲ្យ​ក្លាយជា​សមាជិក​ក្រុមប្រឹក្សាភិបាល ប៉ុន្តែ​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​បាន​បដិសេធ​ចំពោះ​តួនាទី​មួយ​នេះ។

ដោយឡែក​ការ​សម្រេចចិត្ត​របស់ Elon Musk គឺ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ខាងលើ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដ្បិត​កន្លង​មក​លោក​ធ្លាប់​បង្ហើប​ថា ចង់​កែប្រែ​ច្បាប់​ប្រើប្រាស់​នៃ​ Twitter មួយ​ចំនួន​ដូចជា​ការ​បញ្ចេញ​មតិ​ដោយ​សេរី​ជាដើម ហើយ​ការ​ក្លាយជា​សមាជិក​ក្រុមប្រឹក្សាភិបាល​គឺ​ជា​ចំណុច​សំខាន់​បំផុត បើ​សិន​ជា​ស្ថាបនិក SpaceX ចង់​សម្រេច​បំណង​ខាងលើ។

យ៉ាងណា ចំពោះ​មូលហេតុ​ពិតប្រាកដ​នៅ​ពីក្រោយ​ការ​សម្រេចចិត្ត​ដ៏​នឹក​ស្មាន​មិនដល់​មួយ​នេះ គឺ​មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ឡើយ ដោយ​បច្ចុប្បន្ន Elon Musk ក៏​មិន​បកស្រាយ​អ្វី​ទាក់ទង​នឹង​បញ្ហា​នេះ ស្របពេល​នាយក​ប្រតិបត្តិ Twitter ក៏​មិន​អាច​ផ្ដល់​ព័ត៌មាន​សំខាន់​ទាក់ទង​នឹង​រឿង​នេះ​ដូចគ្នា៕

ប្រភព: Economictimes