សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យពង្រឹងពាណិជ្ជកម្ម និងការតភ្ជាប់ជើងហោះហើរត្រង់ជាមួយឥណ្ឌា

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាល បានស្នើឲ្យពង្រឹងចំណងមិត្តភាពរវាងកម្ពុជា-ឥណ្ឌា លើវិស័យពាណិជ្ជកម្ម ការតភ្ជាប់ជើងហោះហើរត្រង់ និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា នៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យមានការពង្រឹងចំណងមិត្តភាពការជំរុញកិច្ចសហប្រតិបត្តិការ និងការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជានិងសមាជិកដទៃទៀត។ ជាពិសេសរវាងកម្ពុជា និងឥណ្ឌាពាក់ព័ន្ធពាណិជ្ជកម្ម ការវិនិយោគបច្ចេកវិទ្យាព័ត៌មាន ការបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរ និងការតភ្ជាប់ជើងហោះហើរត្រង់ និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។

ជាមួយគ្នានេះ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាល និងប្រជាជនឥណ្ឌា បានផ្តល់ជំនួយវ៉ាក់សាំងកូវីសែល ចំនួន ៣២៥,០០០ដូស ដល់កម្ពុជា។

លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា បានលើកឡើងថា ការផ្តល់ជំនួយវ៉ាក់សាំង គឺជាការបង្ហាញពីស្មារតីនៃការជួយគ្នារវាងកម្ពុជា និងឥណ្ឌា ដែលជាប្រទេសមានចំណងទំនាក់ទំនងល្អជាមួយគ្នាដ៏យូរលង់មកហើយ។

លោកជំទាវបន្ថែមថា ឥណ្ឌា នឹងបន្តផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជានាពេលក្រោយបន្ថែមទៀត បើសិនកម្ពុជាត្រូវការ។

ក្រសួងទេសចរណ៍កម្ពុជា នាពេលកន្លងទៅ ក៏បានស្នើទៅកាន់រដ្ឋាភិបាលឥណ្ឌា ជួយជំរុញចរន្តភ្ញៀវទេសចរពីឥណ្ឌាមកកាន់កម្ពុជាបន្ថែមទៀត ព្រមទាំងស្នើពន្លឿនការរៀបចំឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ដើម្បីគាំទ្រដល់ការទាក់ទាញលំហូរភ្ញៀវទេសចរចូលមកកម្ពុជា។

សូមបញ្ជាក់ថា បច្ចុប្បន្នមិនទាន់មានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនោះទេ ដូច្នេះភ្ញៀវទេសចរនិងអ្នកដំណើរដែលធ្វើដំណើរតាមផ្លូវអាកាសពីប្រទេសឥណ្ឌាមកកាន់កម្ពុជា គឺត្រូវផ្លាស់ប្ដូរជើងហោះហើរនៅប្រទេសថៃ ឬសិង្ហបុរី មុននឹងបន្តដំណើរមកដល់កម្ពុជា។

ដោយឡែកសម្រាប់ផ្នែកពាណិជ្ជកម្មវិញ ក្នុងរយៈពេល ១១​ខែ ​ឆ្នាំ​២០២១ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-ឥណ្ឌា មាន​ទឹកប្រាក់​សរុប ២៧៤.២​លាន​ដុល្លារ កើន ៥៧.២៧% ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០២០ មាន​ចំនួន ១៧៤.៣៥​លាន​ដុល្លារ​។

បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ទំនិញ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​ឥណ្ឌា​មាន​ទឹកប្រាក់ ១១៣.៨៧​លាន​ដុល្លារ កើន ៩៩.១៦%​ពី​ចំនួន ៥៧.១៧​លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពី​ឥណ្ឌា​មក​កម្ពុជា​វិញ ​មាន​ទឹកប្រាក់ ១៦០.៣២​លាន​ដុល្លារ កើន ៣៦.៨២% ​ពី​ចំនួន ១១៧.១៧​លាន​ដុល្លារ​៕