អគារ​ធនាគារ​ដ៏ខ្ពស់សន្លឹងរបស់អ្នក​ឧកញ៉ា សំ អាង ​​លេច​ខ្លួន​កណ្តាលក្រុង​កំពត

ជុំវិញ​ឧកញ៉ា

អគារ​ធនាគារវឌ្ឍនៈដ៏ខ្ពស់ស្កឹមស្កៃបានបញ្ចប់ការ​សាងសង់ និង​បាន​សម្ពោធដាក់​ឲ្យ​ដំណើរការជាផ្លូវការ ដែល​មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​ ៩៨ ផ្លូវជាតិ​​លេខ​ ៣ ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគារ​ធនាគារវឌ្ឍនៈដែល​បើ​កដំណើរការ​នៅ​​ខេត្តកំពត​នេះ​ជា​សាខា​ទី ៣១ ជា​​អគារ​ខ្ពស់​ប្រណិត ដែលមាន​កម្ពស់ ៨ ជាន់ របស់​​​អ្នកឧកញ៉ា សំ អាង ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អ្នកឧកញ៉ា ឈុន លាង ជា​ម្ចាស់​គ្រប់គ្រង។

សាខា​ធនាគារ​វឌ្ឍនៈ​នៅ​ខេត្តកំពត មាន​​ផ្តល់ជូន​សេវា​ធនាគារ​សម្រាប់​អាជីវកម្ម និង​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ជូន​អតិថិជន ដើម្បី​គាំទ្រអាជីវកម្ម និង​អ្នក​រស់នៅក្នុង​មូលដ្ឋាន​។ សាខា​ខេត្តកំពត ក៏មាន​ផ្តល់និង​ផ្សព្វផ្សាយ​សេវា​ធនាគារ​​ឌីជីថល​របស់ខ្លួនរួមមាន សេវា​ធនាគារ​ចល័ត សេវា​ធនាគារ​តាម​អ៊ីនធឺណិត និង​ប័ណ្ណ ក៏ដូចជា​សេវា​បង់ប្រាក់​ពន្ធ​-​អាករ សេវាកម្ម​ទូទាត់​សេវាសាធារណៈ ជូន​ដល់​អតិថិជន​ផងដែរ​។

​ធនគារ​វឌ្ឍនៈជា​ធនាគារ​ក្នុង​ស្រុក​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០២ ដោយអ្នកឧកញ៉ា សំ អាង អ្នកឧកញ៉ា ឈុន លាង និង​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ។ ឆ្នាំ​ ២០២១ ធនាគារ វឌ្ឍនៈ ទទួលបាន​ពានរង្វាន់​អន្តរជាតិ​សរុប​ចំនួន ១២ ចំពោះ​សេវា​ធនាគារ​ចល័ត អភិបាលកិច្ច​ល្អ​បំផុត និង​សេវាកម្ម​អតិថិជន​ល្អ​បំផុត​។

ប្រឡូក​វិស័យ​ហិរញ្ញវត្ថុ​ជាង ២០ ឆ្នាំ បច្ចុប្បន្ន​ធនាគារ​វឌ្ឍនៈ​មាន​បុគ្គលិកបម្រើ​ការងារ​​ជាង ៨០០ នាក់ និង​មាន​ ៣១​ សាខា ដែល​ក្នុងនោះ ១៣ សាខា ស្ថិតនៅរាជធានី​ភ្នំពេញ និង​ ១៨​ សាខា​ទៀត​ស្ថិតនៅតាម​បណ្តា​ខេត្ត​៕