ថ្មីៗនេះ យោងទៅតាមក្រុមហ៊ុនស្រាវជ្រាវ Insider Intelligence បានបង្ហាញថា ប្រាក់ចំណូលបានពីការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន TikTok ទំនងជាកើនឡើងបីដង នៅក្នុងឆ្នាំ ២០២២ នេះ ដល់ចំនួនជាង ១១ ពាន់លានដុល្លារ ដែលនេះគឺលើសពីចំណូលរបស់ក្រុមហ៊ុនគូប្រជែង Twitter Inc និង Snap Inc រួមបញ្ចូលគ្នាទៅទៀត ។
ជាក់ស្តែង TikTok ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនប្រទេសចិន ByteDance បានក្លាយជាកម្មវិធីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញបំផុត របស់ពិភពលោក ខណ:ដែលមានអ្នកប្រើប្រាស់សកម្មជាង ១ ពាន់លាននាក់ ។
យ៉ាងណា លោក Debra Aho Williamson ជាអ្នកវិភាគនៅក្នុងក្រុមហ៊ុន Insider Intelligence បាននិយាយថា ” មូលដ្ឋានអ្នកប្រើប្រាស់ របស់ TikTok បានផ្ទុះឡើយ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយចំនួនពេលវេលា ដែលអ្នកប្រើប្រាស់ ចំណាយលើកម្មវិធីនេះ គឺពិតជាច្រើនខ្លាំងណាស់ ” ។
គួរឱ្យដឹងថា Twitter ត្រូវបានគេរំពឹងថា នឹងអាចរកបានចំណូល ៥,៥៨ ពាន់លានដុល្លារ ខណ:ពេលដែល Snapchat អាចរកបាន ៤,៨៦ ពាន់លានដុល្លារ នៅក្នុងប្រាក់ចំណូល ដែលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម សម្រាប់ឆ្នាំ ២០២២ នេះ ហើយចំពោះចំណូលក្រុមហ៊ុនខ្នាតយក្សទាំង ២ នេះ រួមបញ្ចូលគ្នា វានៅតែមានចំនួនតិចជាងចំណូលរបស់ក្រុមហ៊ុន TikTok ដែលព្យាករថានឹងអាចរកបានជាង ១១ ពាន់លានដុល្លារ ៕
ប្រភព: Kelo