ឆាយ វីរៈយុទ្ធ បោះ​ទុន​ជិត​៣លានដុល្លារ ជា​មួយ​ឧកញ៉ា​វ័យ​ក្មេង​ម្នាក់

កម្សាន្ត ជុំវិញ​ឧកញ៉ា

បន្ទាប់​​​ពី​​មាន​ទំនាក់ទំនង​ជា​មួយ​លោក​ឧកញ៉ា ម៉េន កានី ​​កាន់​តែ​ជិតស្និទ្ធ តារា​ចម្រៀង​លោក ឆាយ វីរៈយុទ្ធ ​គេ​មើល​ឃើញ​ថា អ្នក​ទាំង​ពីរ​​បាន​បោះ​ទុន​រកស៊ី​ជា​​គ្នា​កាន់​តែ​ច្រើន​កន្លែង​​ឡើងៗ​ហើយ នៅ​ព្រឹក​​​​ព្រឹក​ថ្ងៃទី១១ មករា ២០២០ តារា​ចម្រៀង​​ល្បី​ឈ្មោះ​រូប​នេះ បាន​​បោះ​ទុន​វិនិយោគ​ប្រមាណ​២​លាន​៦​សែន​ដុល្លារ​​ទៀត លើ​គម្រោង​គម្រោងលំនៅឋាន GM ឆាយ វីរៈយុទ្ធ Style Mini Villa ជា​មួយ​លោក​ឧកញ៉ា ​ដែល​ធ្វើឲ្យមហាជន​ផ្ទុះ​ការកោតសរសើរថា ជោគជ័យទាំងសិល្បៈ និងមុខជំនួញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលផ្តើមនិយាយដល់ការបោះទុនវិនិយោគដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានធ្វើមហាជន​ងឿងឆ្ងល់​មិន​តិចទេថា តើតារារូបនេះបោះទុនរកស៊ីអ្វីបានជាប្រើដើមទុនធំសម្បើមម្លេះ? ប៉ុន្តែយ៉ាងណាចម្ងល់​នេះ​ត្រូវ​បានបកស្រាយនៅព្រឹកថ្ងៃទី១១ មករា ២០២០ ដោយតារារូបនេះ​បានប្រើដើមទុនវិនិយោគ​លើគម្រោងលំនៅឋាន GM ឆាយ វីរៈយុទ្ធ Style Mini Villa ដែលមានទីតាំងនៅភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានី​ភ្នំពេញ​។ ចំពោះព័ត៌មាននៃការបោះទុនដ៏ធំសម្បើមនាដើមឆ្នាំ២០២០នេះ លោក ឆាយ វីរៈយុទ្ធ បានឲ្យដឹង​ថា តាម​ពិតទៅគម្រោងវិនិយោគនេះពិតជាចំណាយជិត៣លានដុល្លារមែន ប៉ុន្តែជាការចាប់ដៃគ្នា​វិនិយោគ​រវាងរូបលោក និងលោកឧកញ៉ា ម៉េន កានី ដោយរូបលោកផ្ទាល់មានទុន២៥ភាគរយ រីឯ​លោក​ឧកញ៉ា ម៉េន កានី មានដើមទុនធំរហូត៧៥ភាគរយ។

លោកឧកញ៉ា មេន កានី ប្រធានក្រុមហ៊ុន ជី អឹម ត្រេឌីង ក៏បានបញ្ជាក់ផងដែរថា រូបលោកពិតជា​ជឿជាក់ចំពោះការវិនិយោគរួមគ្នាជាមួយនឹងលោក ឆាយ វីរៈយុទ្ធ ហើយគិតថា គម្រោង Style Mini Villa GM Residence Baseth នឹងទទួលបានជោគជ័យខ្ពស់ ដោយសារគម្រោងស្ថិតនៅលើទីតាំងល្អ ហើយ​ប្រកបដោយសោភ័ណ្ឌភាពខ្ពស់។


នេះ​មិន​មែន​ជា​ទំនួញ​ទី​១​ដែល តារាច​ម្រៀង​លោក ឆាយ វីរៈយុទ្ធ និងលោកឧកញ៉ា មេន កានី រក​ស៊ី​ជា​មួយ​គ្នា​ឡើយ កាល​ពី​ពេល​​កន្លង​ទៅ​អ្នក​ទាំង​ពីរ​បាន​បោះ​ទុន​រក​ស៊ី​ជា​មួយ​គ្នា លើ​គម្រោង​ដីឡូតិ៍ ក្នុង​ទឹកដីខេត្តព្រះសីហនុ ក្នុង​ទំហំទឹកប្រាក់ប្រមាណជាង ២លានដុល្លារ ផង​ដែរ ដោយ​ទទួល​បាន​ភាព​ជោគជ័យ​ជា​ខ្លាំង៕