កាលពីថ្មីៗនេះ មហាសេដ្ឋី Elon Musk បានដាក់សំណើសុំទិញយកក្រុមហ៊ុន Twitter ទាំងមូលតែម្ដងជាមួយតម្លៃប្រមាណ ៤៣ ពាន់លានដុល្លារ បន្ទាប់ពីក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតនៃក្រុមហ៊ុនដែលមានប្រមាណ ៩,២%។
មេធំនៃក្រុមហ៊ុនផលិតឡាន Tesla និងជាស្ថាបនិក SpaceX ហ៊ានចាយលុយប្រមាណ ៥៤,២ ដុល្លារក្នុងមួយហ៊ុន ដែលវាមានតម្លៃលើសដល់ទៅ ៥៤% បើធៀបទៅនឹងរយៈកាល ៣ ខែមុន។
“ខ្ញុំបានវិនិយោគជាមួយ Twitter ក្នុងគោលបំណងចង់ប្រែក្លាយបណ្ដាញសង្គមមួយនេះទៅជាកន្លែងសម្រាប់បញ្ចេញមតិដោយសេរីទូទាំងពិភពលោក ហើយខ្ញុំជឿថាសេរីភាពក្នុងការបញ្ចេញមតិ គឺជាចំណុចសំខាន់បំផុតសម្រាប់សង្គមប្រកាន់របបលទ្ធិប្រជាធិបតេយ្យ”។
“តែតាំងពីខ្ញុំចាប់ផ្ដើមបណ្ដាក់ទុនជាមួយក្រុមហ៊ុននេះ ខ្ញុំយល់ឃើញថា ដរាបណាក្រុមហ៊ុននៅតែមានថ្នាក់ដឹកនាំច្រើនដូចសព្វថ្ងៃ នោះវាមិនអាចសម្រេចគោលបំណងខាងលើឡើយ ដូច្នេះ Twitter ត្រូវតែប្រែខ្លួនជាក្រុមហ៊ុនឯកជន ទើបក្ដីស្រមៃនោះអាចក្លាយជាការពិត”។
មហាសេដ្ឋីមានបំផុតលើលោកម្នាក់នេះបានអះអាងថា សំណើដែលបានដាក់មួយនេះគឺ ល្អបំផុត និងជាសំណើចុងក្រោយ ដ្បិតប្រសិនបើ Twitter បដិសេធមិនព្រមលក់ក្រុមហ៊ុន Elon Musk បង្ហើបថា អាចនឹងពិចារណាគួរធ្វើបែបណាជាមួយនឹងតំណែងជាម្ចាស់ភាគហ៊ុនធំបំផុតប្រចាំក្រុមហ៊ុន។
បញ្ជាក់ដែរថា យោងតាម Billionaire Bloomberg’s Index បានឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់ Elon Musk មានប្រមាណ ២៦០ ពាន់លានដុល្លារ ស្របពេលតម្លៃមូលធនទីផ្សារសរុបរបស់ Twitter មានប្រមាណ ៣៧ ពាន់លានដុល្លារ ដូច្នេះការចាយលុយជាង ៤០ ពាន់លានដុល្លារដើម្បីកាន់កាប់ក្រុមហ៊ុនខ្នាតយក្សមួយនេះ មិនមែនជារឿងធំដុំសម្រាប់ពូ Musk ឡើយ៕
ប្រភព: Nenow