រូបសំណាក “ព្រះថោងនាងនាគ” ត្រូវបានរៀបចំនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ។
រូបសំណាក ព្រះថោងតោងស្បៃព្រះនាងនាគ ដ៏ធំសម្បើមនេះ មានកម្ពស់ជាង ២១ម៉ែត្រ រចនាស្ថាបត្យកម្ម ដោយកូនខ្មែរ ត្រូវបានសាងសង់ឡើងយ៉ាងហ្មត់ចត់នៅប្រទេសចិន និងបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃ២៥ ខែមីនា ២០២២។
ជាមួយគ្នានេះ រដ្ឋាភិបាលចំណយទឹកប្រាក់ជាង១លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងដំណើរការសាងសង់រូបបដិមាព្រះថោង-នាងនាគ ដែលត្រូវបានអភិសេកនៅថ្ងៃទី១៦ខែមេសានេះ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ នេះបើតាមលោក លី រស្មី អនុរដ្ឋលេខាធិការនៃក្រសួងដែនដីនគររូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅយប់ថ្ងៃទី ១៦នេះ។
រូបសំណាក “ព្រះថោងនាងនាគ” បានដាក់បែរព្រះភក្ត្រ ឆ្ពោះទៅសមុទ្រ ដោយសាររឿងព្រេង ការកកើតនគរខ្មែរ គឺព្រះនាងនាគបានឲ្យព្រះថោង តោងកន្ទុយ ឬស្បៃ ដើម្បីមុជទឹក ហោះទៅកាន់ឋានស្ដេចភុជង្គនាគ ដើម្បីជួបមាតា បិតារបស់ព្រះនាង ហើយនោះ គឺជានិម្មិតរូប នៃការកកើតទឹកដី អារ្យធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់នគរខ្មែរ គោកធ្លក ដែលគេឃើញមានតរៀងមកក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរ រហូតដល់សព្វថ្ងៃ។
លោក លី រស្មី បានថ្លែងថា បដិមាព្រះថោង-នាងនាគ ជារូបសំណាកធំជាងគេនៅកម្ពុជាជាមួយនឹងទម្ងន់៦០តោន។
អ្នកជំនាញរូបនេះបន្តថា ក្រៅពីរូបបដិមព្រះថោង-នាងនាគ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ គ្រោងដាក់តាំងរូបសំណាកមួយចំនួនទៀតដូចជាៈបដិមា ព្រះវិស្ណុ និងព្រះនាងឧមាភគវតី ឬហៅថា ឧមាមហេស្វរៈ និងបដិមា សីហរាជមុខ៣។
ក្រៅពីក្រុងព្រះសីហនុ ស្ថាបត្យកររូបនេះ សង្ឃឹមថា រដ្ឋាភិបាលនឹងមានគម្រោងសាងសង់រូបសំណាកបុព្វបុរសខ្មែរផ្សេងទៀតដើម្បីដាក់តាំងបង្ហាញឲ្យបានច្រើនក្នុងប្រទេសកម្ពុជា៕