សង្គ្រាមរវាងមហាអំណាចរុស្ស៊ី និងប្រទេសអ៊ុយក្រែនដែលកំពុងស្ថិតនៅសភាពយ៉ាប់យ៉ឺននៅឡើយ បានក្លាយជាសង្គ្រាមលោកលើកទី ៣ ហើយ បន្ទាប់ពីអ៊ុយក្រែនបានអះអាងថា ពួកគេជាអ្នកនៅពីក្រោយការបំផ្ទុះនាវាចំបាំងមួយគ្រឿងរបស់រុស្ស៊ី។ នេះបើតាមការផ្សាយពីទូរទស្សន៍ជាតិរុស្ស៊ី។
យ៉ាងណា ការផ្ទុះនាវាចំបាំងនៅសមុទ្រ Black Sea នោះ ត្រូវបានរុស្ស៊ីច្រានចោលការអះអាងរបស់អ៊ុយក្រែន និងបានទម្លាយថា មូលហេតុដែលបណ្ដាលឲ្យផ្ទុះនាវា គឺដោយសារកំហុសបច្ចេកទេសនៃការបាញ់គ្រាប់ប៉ុណ្ណោះ។
យោងទៅតាមការឲ្យដឹងពីអ្នកតំណាង Olga Skabeyeva បានទម្លាយថា រុស្ស៊ីគឺកំពុងធ្វើសង្គ្រាមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរបស់ NATO ដោយលោកបាននិយាយ៖ “ពេលនេះយើងអាចរាប់បានថា វាបានវិវត្តន៍ទៅជាសង្គ្រាមលោកលើកទី ៣ ហើយ។ បច្ចុប្បន្ន បើយើងមិនធ្វើសង្គ្រាមជាមួយ NATO ផ្ទាល់ គឺពួកយើងកំពុងធ្វើសង្គ្រាមជាមួយហេដ្ឋារចនាសម្ព័ន្ធរបស់ NATO តែម្ដង។ ចំណុចមួយនេះ គួរតែចាំឲ្យច្បាស់”។
ដោយឡែក លោកប្រធានាធិបតី Volodymyr Zelensky បានទម្លាយឲ្យដឹងថា មានទាហានអ៊ុយក្រែនយ៉ាងតិច ៣ ០០០ នាក់បានបាត់បង់ជីវិត និង ១០ ០០០ នាក់កំពុងមានរបួស ដោយសារការវាយប្រហាររបស់រុស្ស៊ី។
ខណៈប្រធានាធិបតីខាងលើបានបង្ហើបថា មានការពិបាកក្នុងការប៉ាន់ស្មានទិន្នន័យជាក់លាក់ពីចំនួនប្រជាពលរដ្ឋដែលកំពុងមានរបួស ឬបាត់បង់ជីវិតនៅក្នុងហេតុការណ៍មួយនេះ ដ្បិតការយកព័ត៌មានត្រូវបានទប់ស្កាត់នៅតំបន់ជាច្រើននៃភាគខាងត្បូង និងខាងកើតនៃប្រទេសអ៊ុយក្រែន៕
ប្រភព: Mint