បុណ្យចូលឆ្នាំថ្មីរយៈពេល ០៣ថ្ងៃ បូករួមថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត មានភ្ញៀវជាង៥លាន១៧ម៉ឺននាក់ចេញដើរលេងកម្សាន្តទូទាំងប្រទេស។ នេះបើតាមក្រសួងទេសចរណ៍បានឲ្យដឹងនៅមុននេះបន្តិច។
នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥.១៧៥.៧៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥.១៤០.៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥.២៥៩ នាក់។
បើតាមក្រសួងទេសចរណ៍ ខេត្តបាត់ដំបងមានភ្ញៀវទេសចរសម្រុកទៅលេងឈរលេខ១ ក្នុងឱកាសបុណ្យចូលឆ្នាំ។ បើតាមរបាយការណ៍បញ្ជាក់ថា ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរ ៦៥៣ ៨៩៦ នាក់ បន្ទាប់មកខេត្តកំពង់ចាមចំនួន ៥៤១ ៩០០ នាក់ និងទី៣ គឺខេត្តបន្ទាយមានជ័យ ៤៧១.១១៩ នាក់។
ដោយឡែកខេត្តគោលដៅទេសចរណ៍ធំពីរគឺខេត្តសៀមរាបទទួលបានភ្ញៀវទេសចរ ៤៥៥ ៩៨៤ នាក់ និងខេត្តមាត់ឆ្នេរដ៏ល្បីល្បាញគឺខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរ ២៦៤.៣០៨ នាក់៕