ក្រុមហ៊ុនមួយធានាទិញរំដេងប្រមាណ ៤០ម៉ឺនតោន ដើម្បីនាំចេញទៅក្រៅប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

ក្នុង​ឆ្នាំ​២០២១​កន្លងទៅ កម្ពុជា​បាន​សម្រេច​លទ្ធផល​នៃ​ការ​នាំ​ចេញ​ទំនិញ​កសិផល​ក្រៅ​ពី​ស្រូវ​-អង្ករ​ ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​មាន​ចំនួន​ជាង​ ៥​លាន​តោន​ ដោយ​គិត​ជា​ទំហំ​ទឹកប្រាក់​មាន​តម្លៃ​ប្រមាណ ​៣​ពាន់​លាន​ដុល្លារ​។ របាយ​ការណ៍​ពីក្រសួង​កសិកម្ម​​ បរិមាណ​នាំ​ចេញ​ក្នុង​ឆ្នាំ២០២១ បន្ត​កើន​ឡើង​ជាង ​១​លាន​តោន​ រឺ​ស្មើ​៤៨,១៤​%​ បើធៀប​នឹង​ឆ្នាំ​២០២០​ មានទំហំ​នាំ​ចេញ​ត្រឹម​តែ​ជាង​៣​លាន​តោន​ប៉ុណ្ណោះ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិស័យកសិកម្មបាននឹងកំពុងចូលរួមបង្កើនកំណើនសេដ្ឋកិច្ចជាតិនិយាយជារួម។ ថ្មីៗនេះ អ្នកវិនិយោគក្នុងវិស័យកសិកម្មផ្នែករំដេង បានចងក្រងគ្នាជាសហគមន៍ដើម្បីប្រមូលទិញផលកសិផលពីកសិករ ធ្វើការនាំចេញទៅក្រៅប្រទេស។

កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ ក្រុមហ៊ុន ខម កូផ្លាស ដែលវិនិយោគលើរំដេងក្រហម បានចុះហត្ថលេខារួមគ្នាជាមួយក្រុមហ៊ុន Star Sunshin Co.,LTD ដើម្បីទទួលទិញកសិផលរំដេងក្រហម និងផ្គត់ផ្គង់ ពូជ ជី និងថ្នាំកសិកម្ម។

តាមរយៈទំព័រហ្វេសបុកឈ្មោះ Seang Dy បានបង្ហោះសារអំពាវនាវដល់កសិករដាំរំដេង ឬបងប្អូនដែលចូលចិត្ត វិស័យកសិកម្ម កុំទុកដីចោល ទាន់រដូវធ្លាក់ភ្លៀង ខណៈដែលក្រុមហ៊ុនរបស់លោក មានគំរោងទិញរយៈពេលវែង ១០ទៅ១៥ឆ្នាំ។ ក្នុងនោះ គឺក្រុមហ៊ុនមានតម្រូវការក្នុង ១ឆ្នាំ ប្រមាណ ៤០ម៉ឺនតោន ដែលតម្រូវឲ្យកសិករ ដាំលើផ្ទៃដី សរុប ៤,០០០ហិចតា ដើម្បីនាំចេញទៅលក់ក្រៅប្រទេស។

លោកបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកមានកុងត្រាទិញត្រឹមត្រូវ និងមានមេធាវី ប្រថាប់ត្រាទៀតផង។

បន្ថែមទៀតនោះ ក្រុមហ៊ុនមានពូជ មានបច្ចេកទេសដាំដុះ តាមស្តង់តា នាំចេញ អន្តរជាតិ តាមគំរូប្រទេសអភិវឌ្ឍន៍។ លោកថា ការដាំម្តងអាចប្រមូលផលបាន ១០ ទៅ ១៥ឆ្នាំឯណោះ ក៏ព្រោះរំដេង ១ឆ្នាំប្រមូលផល ៤ដង ៣ខែប្រមូលផលម្តង។ លោកមានជំនឿថា ការដាំរំដេង អាចរកចំណូបាន ចន្លោះ ១៧,០០០$-២៣,០០០$ រយៈពេល១ឆ្នាំ ក្នុងផ្ទៃដី១ហិចតា នេះបើលោកធ្វើការកាត់ចំណាយហើយនោះ។

យ៉ាងណា ក្រសួងកសិកម្ម ទីផ្សារនាំចេញទំនិញកសិផលរបស់កម្ពុជាក្នុងចំណោម៤០ប្រទេសនោះរួមមាន៖ ប្រទេសចិន វៀតណាម ថៃ កូរ៉េ​ខាងត្បូង ជប៉ុន ឥណ្ឌា អារ៉ាប់រួម សហរដ្ឋអាមេរិក ប៊ែលហ្ស៊ិក និងប្រទេសបង់ក្លាដែស។

សូមគួរម្លឹកថា វិស័យកសិកម្ម ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាចាត់ទុកថា​ ជាវិស័យអាទិភាពដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាលំនឹងកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែង ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ការចេញលើវិស័យមួយនេះ ហាក់មិនមានឃើញសញ្ញាណាមួយថមថយនោះទេ៕