កាលពីប៉ុន្មានថ្ងៃមុននេះ រដ្ឋាភិបាលស្រីលង្កាបានប្រកាសពីការក្ស័យធន ក្រោយមានការបាតុកម្មពីប្រជាពលរដ្ឋអស់រយៈពេលជាច្រើនថ្ងៃ ខណៈមូលហេតុគឺប្រទេសនៅអាស៊ីខាងត្បូងមួយនេះគ្មានលទ្ធភាពក្នុងការសងបំណុលបរទេសដែលមានប្រមាណ ៥៦,៣ ពាន់លានដុល្លារ។
ដោយឡែក បើមើលទៅតាមរបាយការណ៍ដែលផ្ដល់ឲ្យដោយធនាគារពិភពលោក World Bank បានឲ្យដឹងថា បំណុលរបស់ស្រីលង្កាបានកើនឡើងពី ១១,៣ ពាន់លានដុល្លារនៅឆ្នាំ ២០០៥ រហូតដល់ ៥៦,៣ ពាន់លានដុល្លារនៅឆ្នាំ ២០២០។
ក្នុងនោះផងដែរ ប្រទេសចិនគឺជាម្ចាស់បំណុលធំបំផុតមួយរបស់ស្រីលង្កាដែលមានប្រមាណ ១០% នៃបំណុលសរុប ខណៈឥណ្ឌាជាប្រទេសជិតខាងមានប្រមាណ ២% គិតត្រឹមខែមេសា ២០២១។
ក្រឡេកទៅមើលដើមចមនៃការខ្ចីបំណុលរបស់រដ្ឋាភិបាលស្រីលង្កាគឺ កាលពីឆ្នាំ ២០០៥ ពួកគេបានចាប់ផ្ដើមខ្ចីបុលពីមហាអំណាចចិនយ៉ាងច្រើនលើសលុបក្នុងការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដែលមួយភាគធំនៃផែនការទាំងនោះបានក្លាយជាគម្រោងបរាជ័យ។
លុះដល់ឆ្នាំ ២០១៥ ដោយសារជាប់បុលប្រទេសចិនច្រើនពេក រដ្ឋាភិបាលស្រីលង្កាបានសម្រេចកាត់កំពង់ផែមួយភាគធំទោឲ្យក្រុមហ៊ុនចិន China Merchants Port Holdings Company នៅឆ្នាំ ២០១៧ ដើម្បីទូទាត់បំណុលខ្លះ។
មូលហេតុធំមួយទៀតដែលធ្វើឲ្យស្រីលង្កាកាន់តែដុនដាបក្នុងការស្ដារសេដ្ឋកិច្ចគឺ បរាជ័យគម្រោងការប្រលានយន្តហោះអន្តរជាតិ Mattala Rajapaksa International Airport ដែលត្រូវបានស្ថាបនិក LCC Asia Pacific ចាត់ទុកជា ប្រលានយន្តហោះអន្តរជាតិស្ងាត់បំផុតលើលោក (World’s Empiest International Airport)។
ការធ្វើពាណិជ្ជកម្មក៏យ៉ាប់យ៉ឺន វិស័យទេសចរណ៍កាន់តែខ្សត់ទៅៗ ប្រធានាធិបតី Gotabaya Rajapaksa ដាក់ក្ដីសង្ឃឹមតែមួយគត់លើវិស័យកសិកម្មជាមួយនឹងគម្រោងការប្រែក្លាយស្រីលង្កាជាប្រទេសកសិកម្មសរីរាង្គពេញលេញក្នុងរយៈពេល ១០ ឆ្នាំ ក៏ប៉ុន្តែលោកស្រាប់តែសម្រេចផ្អាកការនាំចូលគីមី និងកសិផលគីមីទាំងអស់នៅក្នុងស្រុកដែលធ្វើឲ្យចរាចរណ៍នៃវិស័យកសិកម្មមានភាពយឺតយ៉ាវខ្លាំង។
ទុក្ខជាន់ទុក្ខ វិស័យធំៗដែលធ្លាប់តែទ្រទ្រង់សេដ្ឋកិច្ចជាតិកំពុងស្ថិតក្នុងសភាពត្រដាបត្រដួសផង ស្រាប់តែការរាតត្បាតជំងឺកូវីដ ១៩ សម្រុកមកថែមទៀត ធ្វើឲ្យរដ្ឋាភិបាលស្រីលង្កាត្រូវតែខ្ចីលុយបរទេសដើម្បីទប់ទល់សេដ្ឋកិច្ចប្រចាំថ្ងៃ រហូតដល់គ្មានលទ្ធភាពសងបំណុលគេបាន។
បញ្ជាក់ដែរថា បើតាមទិន្នន័យចុងក្រោយបានឲ្យដឹងថា ស្រីលង្កាជាប់បំណុលបរទេសប្រមាណ ៥៦,៣ ពាន់លានដុល្លារ ខណៈទុនបម្រុងជាតិរបស់ពួកគេមានត្រឹមជាង ២ ពាន់លានដុល្លារប៉ុណ្ណោះ ហើយក្រោយពីប្រកាសក្ស័យធន រដ្ឋាភិបាលស្រីលង្កាបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសុំណាត់ជួបជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងគោលបំណងនាំយកថវិកាជំនួយ ៤ ពាន់លានដុល្លារអាមេរិក មកដោះស្រាយវិបត្តិហិរញ្ញវត្ថុដែលកំពុងកើតមានសព្វថ្ងៃ៕
ប្រភព: News9live