«ស្ត្រីបង្វិល ជើងក្រានមិនជុំ» ស្ដាប់ភ្លាមគឺពិតជាមិនអាចទទួលយកបាននោះទេ សម្រាប់បរិបទមនុស្សខ្មែរសម័យនេះ។ លើសពីនេះ ក៏គប្បីត្រូវលុបបំបាត់ចេញពីសង្គមខ្មែរនាពេលបច្ចុប្បន្ន ពីព្រោះបច្ចុប្បន្ននេះ ស្ត្រីមានសមត្ថភាពសិទ្ធិ សេរីភាពពេញលេញដូចបុរសដែរ។
បច្ចុប្បន្នមានស្រ្តីជាច្រើនកំពុងដឹកនាំស្ថាប័នកំពូលៗនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការ សមាគម ក្រុមហ៊ុន និងគ្រប់គ្រងមុខជំនួញនៅក្នុងដៃជាច្រើនផងដែរ។ ស្ត្រីខ្មែរកាន់តែមានសេចក្តីក្លាហានក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គម និងគ្រួសារ។
យ៉ាងណាក៏ដោយ ស្ត្រីខ្មែរនៅតែមានចំនួនតិចតួចណាស់បើធៀបទៅនឹងតួនាទីបុរស។ សារព័ត៌មានឧកញ៉ាញូស៍ សូមបើកកកាយ ណែនាំសហគ្រិនស្រ្តីឆ្នើម ៦រូប ដែលកំពុងដឹកនាំមុខជំនួញជោគជ័យ ខណៈមួយចំនួនទៀតក៏កំពុងមានគោរមងារឧកញ៉ា ទទួលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។
១.ឧកញ៉ា កែវ មុំ
ដែលជាអ្នកនៅពីក្រោយនៃភាពជោគជ័យរបស់នំស្រួយ លីលី។ ឧកញ៉ារូបនេះបានបង្កើតក្រុមហ៊ុនជិត២១ឆ្នាំមកហើយ ដោយទទួលបានការគាំទ្រទាំងក្នុងស្រុក និងក្រៅប្រទេស។ ការរីកចម្រើនអាជីវកម្មបែបនេះ លោកស្រីអះអាងថា ដោយសារតែការគិតពីគុណភាពជាជាងប្រាក់ចំណេញ។
ឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី និងប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា(CWEA) ដែលអាចចាត់ទុកថាជាស្រ្តីម្នាក់មានបទពិសោធចាស់ទុំមួយរូប ទៅលើមុខជំនួញ និងការគ្រប់គ្រងចាត់ចែងហិរញ្ញវត្ថុ។
២.ឧកញ៉ា ឆាយ ស៊ីវលីន
ជាស្ត្រីឆ្នើមមួយរូបមានឈ្មោះបោះសំឡេងច្រើនឆ្នាំមកហើយ នៅក្នុងវិស័យទេសចរណ៍កម្ពុជា និងប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ។
ម្ចាស់ក្រុមហ៊ុន CSL Travel and Tour រូបនេះ ក៏បានវិនិយោគទៅលើ ប៊ូទីក រឺស៊ត លំដាប់ផ្កាយ៤កន្លះ មានឈ្មោះថា លីនណាយា ដែលបានដំណើរការអាជីវកម្មប្រមាណ ៨ ឆ្នាំកន្លងមកហើយ។
៣. លោកស្រី ខៃ ចិន្តា
គឺជាប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែរ «អៃរាវត្តា» ដែលជាគំនិតផ្តួចផ្តើមបង្កើតរបស់លោកស្រីជាមួយស្វាមីជាជនជាតិបារាំង។ លោកស្រីធ្លាប់ជាប្រធានសមាគមសណ្ឋាគារកម្ពុជា ត្រូវបានទុកថា ជាសហគ្រិនស្ត្រីឆ្នើមមួយរូបដែលបានចូលរួមចំណែកក្នុងការជំរុញវិស័យទេសចរណ៍នៅកម្ពុជាឲ្យមានការរីកចម្រើន។ ជានិច្ចកាលលោកស្រីតែងតែបានឆ្លើយឆ្លងជាមួយអ្នកកាសែតជាតិ និងអន្តរជាតិគ្រប់ពេលវេលា ដើម្បីផ្តល់ព័ត៌មានជុំវិញស្ថានភាពវិស័យទេសចរណ៍។
បច្ចុប្បន្នលោកស្រីមានសណ្ឋាគារទែរ៉ូ និងរីសត នៅខេត្តរតនគិរី និងខេត្តក្រចេះផងដែរ។
៤.លោកស្រី ជា សុផល្លា
នាយិកាប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Emerald និងក្រុមហ៊ុនចំនួន ៨ ផ្សេងទៀតក្នុងដៃ។ លោកស្រី ជាសហគ្រិនស្ត្រីមួយរូប ដែលមានជីវិតតស៊ូ ពុះពារឧបសគ្គជាច្រើនរាប់មិនអស់។ លើសពីនេះ លោកស្រីជាស្ត្រីខ្មែរម្នាក់ក្នុងចំណោមស្ត្រីខ្មែរ ១០ នាក់ផ្សេងទៀត ដែលបានទទួលពាន Outstanding ASEAN Women Entrepreneur Award ពីកម្មវិធី ASEAN WOMEN ENTERPRENEURS FORUM លើកទី ២ ឆ្នាំ ២០១៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាមថ្មីៗនេះ។
លោកស្រីក៏ជាអ្នកដែលបានចូលរួមបង្កើត«យុទ្ធនាការភ្នំពេញស្អាត» ដែលជាគម្រោងស្អាត ក្រោមការដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ជាសហស្ថាបនិកនៃគម្រោងស្អាត។
៥.លោកស្រី ឃី មុនី
គឺជានាយិកាក្រុមហ៊ុន Amru Rice ដែលនាំចេញអង្ករសរីរាង្គនាំមុខគេមួយនៅកម្ពុជា។ មុននឹងឈានមកកាន់កាប់អាជីវកម្មធំដូចសព្វថ្ងៃ លោកស្រីជាមនុស្សស្វះស្វែងរកបទពិសោធន៍ការងារលំបាកៗជាច្រើន ក្នុងនោះ លោកស្រីចាប់ផ្ដើមការងារដំបូង គឺជាបុគ្គលិកហាត់ការ (Internship) ក្នុងក្រុមហ៊ុនមួយ ដោយទទួលប្រាក់ឧបត្ថម្ភ ៥០ដុល្លារ ជាប្រាក់ថ្លៃសាំងប៉ុណ្ណោះ។
ឆ្នាំ ២០១១ លោកស្រីបានងាកចាប់របររកស៊ីស្រូវអង្ករមានឈ្មោះថា Amru Rice និង ឆ្នាំ ២០១៣ ដឹកនាំកសិករ ផលិតអង្ករសរីរាង្គរបស់ខ្មែរនាំចេញទៅក្រៅជាង ៤០ប្រទេស និងជួយកសិករខ្មែរប្រមាណ ៥ពាន់គ្រួសារ។
៦.អ្នកស្រី នាវ នារីបញ្ចពិសី
សហគ្រិនវ័យក្មេងឆ្នើមផ្នែកសង្គមឆ្នាំ២០១៦ និងជានាយិកាក្រុមហ៊ុនទេសចរណ៍ All Dreams (Cambodia) Co. Ltd សណ្ឋាគារ និងរបរជាច្រើនទៀត។
បច្ចុប្បន្នលោកស្រី បញ្ចពិសី បានបើកដំណើរការអាជីវកម្មបីក្នុងពេលតែមួយ ក្នុងនោះមានក្រុមហ៊ុនទេសចរណ៍ All Dreams (Cambodia) Co. Ltd. សណ្ឋាគារ និង ក្រុមហ៊ុនទទួលរៀបចំកម្មវិធីផ្សេងៗ ហើយបន្តបើកនូវមុខជំនួញដទៃទៀត ដូចជាប្រតិបត្តិករ ឥណទាន (ថវិកាហ្វាយនិន) និងជំនួញបន្ទាប់បន្សំមួយចំនួនទៀត ហើយក៏គ្រោងបើកបន្ថែមនៅពេលខាងមុខផងដែរ៕