សង្ក្រាន្តរយ:ពេល ៣ ថ្ងៃ ខេត្តភូកេត ប្រទេសថៃកើបចំណូលពី​អ្នក​ទេសចរណ៍​បានជិត ៩០ លានដុល្លារ

អន្តរជាតិ

យោងតាមអាជ្ញាធរទេសចរណ៍របស់ថៃ (TAT) បានបង្ហាញប្រាប់ឱ្យដឹងថា ពិធីបុណ្យសង្ក្រាន្ត នៅក្នុងខេត្តភូកេត អាចរកចំណូលបានជាង ៣ ពាន់លានបាត ឬ ជាង ៨៨ លានដុល្លារ ពីការចំណាយរបស់ភ្ញៀវទេសចរណ៍ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង លោកស្រី Nanthasiri Ronnasiri ប្រធានការិយល័យ TAT របស់ខេត្តភូកេត បាននិយាយថា ខេត្តជាប់ឆ្នេរ​សមុទ្រ​ដ៏ល្បីល្បាញរបស់ថៃមួយនេះ មានបន្ទប់សណ្ឋាគារប្រហែល ៧០ ០០០ បន្ទប់ ដែលស្មើនឹង ៧០% នៃសណ្ឋាគារក្នុងស្រុកសរុបទាំងអស់ ដែលបានបើកធ្វើអាជីវកម្ម ។

មិនតែប៉ុណ្ណោះ នៅចន្លោះថ្ងៃពុធ ដល់ថ្ងៃសុក្រ នៃពិធីបុណ្យ​សង្ក្រាន្ត​ ក្នុងខេត្តភូកេត បន្ទប់សណ្ឋាគារភាគច្រើន ត្រូវបានកក់ពេញៗ សម្រាប់ពីរយប់ដំបូង ជាពិសេស នៅតំបន់ទេសចរណ៍ពេញនិយម ដូចជា ប៉ាតុង កាម៉ាឡា ស៊ូរិន កាតា និងឆ្នេរការ៉ុនជាដើម ។

លើសពីនេះ លោកស្រី Natthasiri បាននិយាយទៀតថា ក្នុងអំឡុងពេលនោះ ខេត្តភូកេត បានកត់ត្រាភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិមកលេងកម្សាន្ត ចំនួន ១៨៨ ២៤៥ នាក់ ដោយភ្ញៀវទាំងនោះ ត្រូវបានប៉ាន់ប្រមាណថា មានការចាយវាយសរុបចំនួន ៣,២៤ ពាន់លានបាត ។

ដោយឡែក នាយកអាកាសយានដ្ឋានភូកេត លោក Monchai Tanode បាននិយាយថា ជើងហោះហើរក្នុងស្រុក និងអន្តរជាតិជាង ៨០០ បានហោះ និងចុះចត នៅចន្លោះថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ សប្តាហ៍មុន ។

ទន្ទឹមនឹងនេះ លោក Natchapong Pranit ប្រធានការិយាល័យដែលសមុទ្រប្រចាំតំបន់ភូកេត បាននិយាយថា ភ្ញៀវទេសចររហូតដល់ ១០ ០០០ នាក់ បានមកលេងកោះភូកេត តាមរយ:ទូក និងសាឡាង ជារៀងរាល់ថ្ងៃ ៕

ប្រភព: Bangkok Post