ថ្មីៗនេះ ក្រុមហ៊ុនលក់ប្រេងឥន្ធន:រាយ ដ៏សំខាន់មួយនៅក្នុងប្រទេសស្រីលង្កា បានដំឡើងតម្លៃរហូតដល់ ៣៥% កាលពីថ្ងៃចន្ទ ទី ១៨ មេសា ខណ:ពេលដែលរដ្ឋាភិបាលប្រទេសនៅអាស៊ីមួយនេះ កំពុងតែផុងខ្លួនកាន់តែជ្រៅ ទៅក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ មុនពេលឈានដល់កិច្ចពិភាក្សាចំពោះការស្នើសុំកញ្ចប់ថវិកាសង្គ្រោះ ជាមួយមូលធិនិរូបិយវត្ថុអន្តរជាតិ (IMF) ។
ជាក់ស្តែង ប្រទេសស្រីលង្កា កំពុងតែស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេស នៅក្នុងឆ្នាំ ១៩៤៨ មក ដែលវាបានធ្វើឱ្យមានការខ្វះខាតប្រេងឥន្ធន: អាហារ និងថ្នាំពេទ្យសំខាន់ៗជាដើម ។
យ៉ាងណាក្រុមហ៊ុនលក់ប្រេងឥន្ធន:រាយ Lanka IOC ដែលមានចំណែកមួយភាគបី នៃទីផ្សារក្នុងស្រុក បាននិយាយថា ខ្លួនបានដំឡើងតម្លៃប្រេងម៉ាស៊ូត ពី ៧៥ រូពី ដល់ ៣២៧ រូពី ក្នុងមួយលីត្រ ខណ:ប្រេងសាំង ត្រូវបានដំឡើងពី ៣៥ រូពី ទៅ ៣៦៧ រូពី (១,២០ ដុល្លារ) ។
ដោយឡែក សាជីវកម្មប្រេងសាំង Ceylon ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋ និងមានចំណែកទីផ្សារ ២ ភាគ ៣ នៃទីផ្សារសរុបក្នុងស្រុក កាលពីសប្តាហ៍មុន គឺមិនបានដំឡើងតម្លៃភ្លាមៗនោះទេ ប៉ុន្តែជាមួយគ្នានោះ ស្ថាននីយ៍បូមប្រេងភាគច្រើនរបស់ខ្លួន គឺគ្មានប្រេងឥន្ធន:សេសសល់ទៀតឡើយ ។
គួរឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំនេះមក តម្លៃប្រេងឥន្ធន:បានកើនឡើង ៩០ ភាគរយ ខណ:ពេលដែលប្រេងម៉ាស៊ូត ដែលប្រើប្រាស់ទូទៅសម្រាប់ការដឹកជញ្ជូនសាធារណ: បានកើនឡើងរហូតដល់ទៅ ១៣៨% ឯណោះ ៕
ប្រភព: CNA