ឧកញ៉ា យ៉ន សេងហាន យកទ្រឹស្តីព្រះពុទ្ធដឹកនាំក្រុមហ៊ុន និងបណ្តុះបណ្តាលសិក្ខាកាមជាង ៤ម៉ឺននាក់

ជុំវិញ​ឧកញ៉ា

អ្នកជំនួញក្នុងវិស័យអចលនទ្រព្យ​ជា​ច្រើន​ទំនងស្គាល់ឧកញ៉ា យ៉ន សេងហាន ​ជាវិនិយោគិនម្នាក់​ដែល​បាន​ដឹកនាំ​ក្រុមហ៊ុន​ តាម​ទ្រឹស្តី​សាសនាព្រះពុទ្ធ ​ដូចជា​ប្រកាន់យក​នូវគាថាព្រះពុទ្ធ និងសីល ៥ ជាដើម។ បុគ្គលិក​ក្រុមហ៊ុន​របស់​លោក​ទាំង​អស់ជារៀងរាល់ថ្ងៃសីល តែងតែសូធ្យធម៌ និងសមាទានសីលមុន​ពេលចូល​ធ្វើការ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីបើកក្រុមហ៊ុនជាង ១០ឆ្នាំមក លោកឧកញ៉ាធ្លាប់បានបណ្តុះបណ្តាលបុគ្គលិក និងសិក្ខាកាមជាង ៤ម៉ឺននាក់ ខណៈរាប់រយនាក់ផ្សេងទៀត ពួកគាត់បានចេញបើកក្រុមហ៊ុន និងរកស៊ីតាមជំនាញរៀងៗខ្លួនដោយជោគជ័យ។

លោកថា ក្នុងការរកស៊ីរបស់លោកជាង ១០ឆ្នាំមកនេះ ក្រោមម៉ាកយីហោក្រុមហ៊ុន សេងហាន គឺមិនមែនគ្រាន់តែជាក្រុមហ៊ុនប្រកបអាជីវកម្មរកប្រាក់ចំណូលតែប៉ុណ្ណោះទេ​ គឺជាកន្លែងបណ្តុះបណ្តាលការធ្វេីអាជីវកម្ម​ ពាណិជ្ជកម្មបែបសមធម៌​ សុច្ចរិតធម៌​ និងបណ្តុះកូនខ្មែរឱ្យក្លាយជាសហគ្រិនរឹងមាំ​ អត្តចរិតថ្លៃថ្នូរ​ មានគំនិតជាតិនិយម​ ស្រលាញ់ជាតិ​ សាសនា​ វប្បធម៌​ ប្រពៃណីដែលជារបស់ខ្មែរ​ ស្រលាញ់​ គាំទ្ររដ្ឋាភិបាលខ្មែរ។

ថ្លែងប្រាប់សារព័ត៌មានឧកញ៉ាញូស៍នៅរសៀលថ្ងៃពុធ ខែមេសានេះ លោកថាអ្វីដែលផ្តោតសំខាន់ក្នុងការរកស៊ីគឺតាមគន្លងរបស់ព្រះពុទ្ធ ម្យ៉ាងលោកចង់លើកតម្កើងព្រះពុទ្ធសាសនា ព្រោះលោកយល់ថា ការរកស៊ីណាដែលប្រាសចាកធម៌ព្រះពុទ្ធ គឺអត់មានអ្វីដែលរីកចម្រើនដល់សង្គមជាតិនោះទេ អាចរីកចម្រើនតែបុគ្គលផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែវាបានប៉ះពាល់ដល់សង្គមជាតិទាំងមូល។

ឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ សេងហាន បានថ្លែងថា៖ ជាទស្សនៈរបស់ខ្ញុំ សុទ្ធចិត្តដើរយឺត ប៉ុន្តែយើងដើរទៅយ៉ាងច្បាស់លាស់ ដោយមានតម្លៃ និងគុណធម៌។

មានងារជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ ឧកញ៉ា យ៉ន សេងហាន ដែលធ្លាប់បួស និងជាឧទ្ទេសាចា្យបង្រៀនព្រះធម៌រូបនេះ បានសម្តែងក្តីកង្វល់ថា មួយរយៈនេះលោកសង្កេតឃើញទីប្រឹក្សាសម្តេចសង្ឃរាជមួយចំនួនតូចបានផឹកស្រា ហើយអ្នកខ្លះមិនដែលស្គាល់វត្តផងក៏មានដែរ។ បើតាមលោកឧកញ៉ា ទីប្រឹក្សាគួរតែមានសីល ៥ ជាប់ខ្លួនខ្លះ។

លោកបន្ថែមថា រាល់ថ្ងៃបុណ្យទានធំៗ លោកបានដឹកនាំបុគ្គលិករាប់រយនាក់ទៅធ្វើបុណ្យតាមវត្តអារាម និងកម្មវិធីសាសនានានា ដើម្បីអប់រំចិត្ត រៀនសូត្រទ្រឹស្តីព្រះពុទ្ធសាសនា។

លោកឧកញ៉ាថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ ពួកខ្ញុំធ្វើរាល់ថ្ងៃហ្នឹង….មានអ្នកចោទថា….យើងយកសាសនាជាខែល(អាជីវកម្ម)ក៏មានដែរ។ ការប្រតិបត្តិរបស់យើងឲ្យល្អត្រឹមត្រូវភាពជាគំរូរក៏មានមនុស្សអគតិគិតថាយើងសាសនាជាអាជីវកម្ម…។ ក្រុមហ៊ុន សេងហាន​ មានអ្វីដែលលេីសពីលុយជាអនេក​ ពិសេសលេីសពីអ្វីដែលអ្នកខាងក្រៅមេីលឃេីញដោយភ្នែកធម្មតា!..៕