ឥណ្ឌា​ចេញមុខតំណាងឲ្យស្រីលង្កា​ សុំ​ជំនួយហិរញ្ញវត្ថុពី IMF

អន្តរជាតិ

មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ ហៅកាត់ IMF នឹង​ពិចារណា​ក្នុង​ការ​ផ្ដល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​រហ័ស​ទោ​កាន់​ប្រទេស​ដែល​កំពុង​ជាប់​បំណុល​វ័ណ្ឌក​ស្រីលង្កា ក្រោយ​មាន​ការ​សម្របសម្រួល​ពី​អ្នក​តំណាង​ឥណ្ឌា។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ស្រីលង្កា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈប្រតិភូ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ប្រទេស​ស្រីលង្កា Ali Sabry បាន​ចាប់ផ្តើម​កិច្ចពិភាក្សា​ផ្លូវការ​ជាមួយ IMF ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃចន្ទ​សម្រាប់​កម្មវិធី​ដែល​រដ្ឋាភិបាល​សង្ឃឹមថា​នឹង​ជួយ​បង្កើន​ប្រាក់​បន្ថែម​នៅ​ទុន​បម្រុង​ជាតិ ក៏​ដូចជា​អូសទាញ​ហិរញ្ញវត្ថុ​ផ្សេងៗ​ក្នុង​ការ​ចំណាយ​លើ​ការ​នាំចូល​ប្រេង ស្បៀងអាហារ និង​ថ្នាំសង្កូវ​ជាដើម។

ដោយឡែក​លោក Shamir Zavahir ដែល​ជា​ជំនួយការ​លោក Sabry បាន​ឲ្យ​ដឹង​តាម​រយៈ​ការ​បង្ហោះសារ​លើ​ Twitter ថា ស្រីលង្កា​បាន​សុំ​ខ្ចី​ប្រាក់​​ពី IMF ក្រោម​លក្ខខណ្ឌ​វិបត្តិ​ហិរញ្ញវត្ថុ​បន្ទាន់ (RFI) ដែល​វា​មាន​ន័យថា ប្រទេស​មួយ​កំពុង​ត្រូវការ​សមតុល្យ​នៃ​ការ​ទូទាត់​ជា​បន្ទាន់ ប៉ុន្តែ​ ដំបូងឡើយ​IMF ហាក់​មិន​ផ្ដល់​សញ្ញា​វិជ្ជមាន​ឡើយ​សម្រាប់​សំណើ​មួយ​នេះ។

” IMF បាន​ផ្ដល់​ដំណឹង​មក​កាន់​រដ្ឋមន្ត្រី Sabry ថា ឥណ្ឌា​បាន​ចេញ​មុខ​តំណាង​ជំនួស​ស្រីលង្កា​ក្នុង​ការ​ស្នើសុំ​ជំនួយ RFI។ បច្ចុប្បន្ន IMF កំពុង​នឹង​ពិចារណា​សំណើ​ពិសេស​មួយ​នេះ បើ​ទោះ​ជា​វា​ហាក់​ដូចជា​មិន​ស្ថិត​ទៅ​តាម​លក្ខខណ្ឌ​ស្តង់ដារ​របស់ RFI ក៏​ដោយ”។

បញ្ជាក់​ដែរ​ថា វិបត្តិ​សេដ្ឋកិច្ច​នៅ​ប្រទេស​ស្រីលង្កា​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​កាន់តែ​មាន​ភាព​វឹកវរ​ទៅៗ ខណៈ​ប្រេង អគ្គិសនី ​ស្បៀងអាហារ និង​ថ្នាំសង្កូវ​ផ្សេងៗ​ក៏​កំពុង​មាន​តិចតួច​ជាច្រើន​សប្ដាហ៍​មក​ហើយ៕

ប្រភព: RT