យោងទៅតាមការស្រាវជ្រាវថ្មីបំផុតពី Tax Day កាលពីថ្ងៃច័ន្ទបានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអាមេរិកទាំង ៧៣៥ នាក់មានការកើនឡើងប្រមាណ ៦២% ក្នុងរយៈពេលត្រឹម ២ ឆ្នាំចុងក្រោយ ខណៈអ្នកធ្វើការធម្មតាកើនចំណូលត្រឹម ១០% ប៉ុណ្ណោះ ស្របពេលតម្លៃអាហារ ថ្លៃជួលផ្ទះ និងតម្រូវការផ្សេងៗមានការឡើងថ្លៃផង។
ដោយឡែក ទិន្នន័យចុងក្រោយបំផុតដែលផ្ដល់ឲ្យដោយ Oxfam America បានទម្លាយថា មហាសេដ្ឋីអាមេរិកមានលុយសរុបប្រមាណ ៤,៧ ទ្រីលានដុល្លារ ដែលភាគច្រើនគឺមិនបានបង់ពន្ធឡើយ។
ដូចគ្នាទៅនឹងរបាយការណ៍ទទួលបានពី ProPuclica ផងដែរថា ទិន្នន័យទទួលបានពី Internal Revenue Service បានបង្ហាញថា វាមិនសមាមាត្រជាមួយនឹងប្រជាពលរដ្ឋមានជីវភាពក្រីក្រឡើយ ដោយសារចន្លោះឆ្នាំ ២០១៤-២០១៨ អ្នកមានបំផុត ២៥ រូបនៅអាមេរិកបង់ពន្ធប្រមាណ ៣,៤%ប៉ុណ្ណោះ។
លើសពីនោះ Oxfam បានសន្និដ្ឋានថា កន្លងមកមានសំណើទារពន្ធអ្នកមានជាច្រើនត្រូវបានណែនាំនៅក្នុងការប្រជុំសភា ប៉ុន្តែសំណើទាំងនោះមិនដែលផ្ដល់ឲ្យរដ្ឋលើសពី ២៥២ ពាន់លានដុល្លារឡើយក្នុងមួយឆ្នាំ ស្របពេលកំណែនៃរបៀបវារៈ Build Back Better របស់ប្រធានាធិបតី Joe Biden ដែលសភាបានអនុម័តកាលពីខែវិច្ឆិកា នឹងត្រូវចំណាយត្រឹមតែ ១៧៥ ពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងទសវត្សរ៍ក្រោយ។
បញ្ជាក់ដែរថា កាលពីប៉ុន្មានសប្ដាហ៍មុនប្រធានាធិបតី Joe Biden បានប្រកាសពីគម្រោងចំណាយសម្រាប់ឆ្នាំ ២០២២ និងបានបង្ហើបថា នឹងប្ដេជ្ញាទារពន្ធពីមហាសេដ្ឋីអាមេរិកឲ្យបានយ៉ាងតិច ២០% នៃប្រាក់ចំណូលរបស់ពួកគេ ដែលធ្វើឲ្យក្រុមមហាសេដ្ឋីមានប្រតិកម្មយ៉ាងខ្លាំងចំពោះរឿងមួយនេះ ខណៈសំណើរបស់មេដឹកនាំពិភពលោកខាងលើគឺនៅមិនទាន់អនុម័តនៅឡើយទេ៕
ប្រភព: AlaskaNativeNews