កាលពីថ្ងៃច័ន្ទកន្លងទៅនេះ រដ្ឋបាល Biden បានពង្រីកសិទ្ធសេរីភាពដល់ជនភៀសខ្លួនអ៊ុយក្រែន ឲ្យមានសិទ្ធអាចធ្វើការ និងស្នាក់នៅសហរដ្ឋអាមេរិកបានជាបណ្ដោះអាសន្ន ដោយមិនមានឯកសារស្របច្បាប់។ នេះបើតាមការបញ្ជាក់ពីនាយកដ្ឋានសន្តិសុខមាតុភូមិអាមេរិក។
នៅក្នុងសេចក្ដីប្រកាសមួយនោះបានបញ្ជាក់ថា ជនភៀសខ្លួនអ៊ុយក្រែនដែលបានមករស់នៅសហរដ្ឋអាមេរិកតាំងពីថ្ងៃទី ១១ មេសា ឬមុននោះ អាចដាក់ពាក្យស្នើសុំការចាត់តាំងមនុស្សធម៌ ដែលគេស្គាល់ថាជាស្ថានភាពការពារបណ្តោះអាសន្ន។
ដូច្នេះគឺមានន័យថា ប្រជាពលរដ្ឋអ៊ុយក្រែនប្រមាណ ៦ ម៉ឺននាក់នឹងមានសិទ្ធិស្នើសុំចំណាត់ការខាងលើនៅថ្ងៃអង្គារ។ នេះបើតាមការបញ្ជាក់ពីស្ថាប័ន Citizenship និង Immigration Services ដែលជាអ្នកទទួលបន្ទុកនៃកម្មវិធីមួយនេះ។
ការបង្កើតកម្មវិធីនេះឡើងគឺដើម្បីទទួលជនភៀសខ្លួនអ៊ុយក្រែនបន្ថែមទៀត បន្ទាប់ពីសហរដ្ឋអាមេរិកពន្យារពេលដើម្បីរៀបចំឯកសារស្របច្បាប់ដើម្បីផ្ដល់ភាពងាយស្រួលដល់ជនជាតិអ៊ុយក្រែនក្នុងការចូលមកមហាអំណាចមួយនេះដោយផ្ទាល់ ស្របពេលនៅម៉ិកស៊ិកគឺមិនទាមទារទិដ្ឋាការសម្រាប់ចូលប្រទេសឡើយ ដូច្នេះប្រជាពលរដ្ឋអ៊ុយក្រែនបាននាំគ្នាសំ្រុកទៅម៉ិកស៊ិកជំនួសវិញ។
ដោយឡែក អ្នកទទួលបន្ទុកនៃកម្មវិធីខាងលើបានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋអ៊ុយក្រែននឹងមិនអាចស្នើសុំចូលរួមកម្មវិធីខាងលើនៅតាមព្រំដែនឡើយ ពោលគឺពួកគេលើកទឹកចិត្តឲ្យជនភៀសខ្លួនទាំងនោះចូលមកទឹកដីអាមេរិកដើម្បីស្នើសុំវិញ។
បញ្ជាក់ដែរថា យោងទៅតាមការបង្ហើបពីអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រជាជនអ៊ុយក្រែនប្រមាណ ៥ លាននាក់បានធ្វើការចំណាកស្រុកចេញពីប្រទេសរបស់ពួកគេ ដើម្បីគេចពីសង្គ្រាម និងសុខចិត្តរស់នៅក្នុងនាមជាជនភៀសខ្លួន៕
ប្រភព: Nytimes