សាស្រ្តាចារ្យទួស សាភឿន អគ្គលេខាធិការរងនៃក្រុមប្រឹក្សា គណៈស្ថាបត្យករកម្ពុជា (BAC) បានរំលឹកពីសារបណ្តាំពេលលោកបានជួបបិតាស្ថាបត្យករ លោក វណ្ណ ម៉ូលីវណ្ណ ជាលើកចុងក្រោយ។
លោកតាវណ្ណ ម៉ូលីវណ្ណបានលើកពីផែនការដើម្បីអភិវឌ្ឍទីក្រុងភ្នំពេញតាមការប្រមើលមើលនិងវាយតម្លៃរបស់លោកថា៖
1. ទីក្រុងភ្នំពេញ ត្រូវតែរីកទៅទិសខាងត្បូង ព្រោះជាដីតំបន់ខ្ពស់ អត់លិចទឹក ងាយស្រួលរៀបបណ្តាញទឹកស្អុយ រំដោះទឹកជំនន់ ជាទីទួលខ្ពស់ចាក់លុបតិច ដីមានជីវជាតិល្អសម្រាប់កសិកម្មផងដែរ។
2. ប្រយ័ត្នតំបន់ខាងជើង ព្រោះជាតំបន់វាលទំនាប ងាយប្រឈមទឹកជំនន់ ជាតំបន់រង្វង់ស្នែងក្របី ដីទាប មានជំនន់ធំកើតឡើងជារៀងរាល់ ២៥ ឆ្នាំម្តង កើតចេញពីជួរភ្នំក្រវាញ និងភ្នំដងរែក។
3. ទិសខាងកើត គួរក្សាទុកជាតំបន់បៃតង ទុកផ្គត់ផ្គងបន្លែបៃតង មិនត្រូវអនុញ្ញាតិអោយមានការរីកក្រុងទៅទិសនោះទេ ព្រោះខ្សែទឹកខាងលើ ទន្លេមេគង្គ ជាប្រភពទឹកស្អាតសម្រាប់ផ្គត់ផ្គង់អោយអ្នកក្រុងទាំងមូល ម្យ៉ាងវិញទៀត គ្មាន ប្រភពទទួលទឹកស្អុយ លំបាករៀបបណ្តាញទឹកយបញ្ចេញចោល។
4. ទិសខាងលិច ត្រូវរៀបចំជាតំបន់ឧស្សាហកម្ម សិប្បកម្ម ព្រោះងាយស្រួលដឹកជញ្ជូន ភ្ជាប់ទៅកាន់តំបន់កំពង់ផែនាំចេញ។
ក្រុងស្អាតទៅបាន រឺក្រុងអេកូឡូសី វាអាស្រ័យទៅលើការប៉ិនប្រសប់រៀបអោយមានតុល្យភាពនៃការរក្សាអោយមានតំបន់ខៀវ (ទឹក) និងបៃតង (សួន) ប្រភពបឹងមិនមែនដើម្បីលុបទេ ត្រូវស្កាល់សាវតាតំបន់ គោរពអតីតកាល អោយតំលៃអតីកាល បានធ្វើអោយក្រុងរៀបថ្មីនិងមានអនាគតល្អ។
អ្នកដឹកនាំក្រុងល្អ គឺជាអ្នកដឹកនាំមិនមែនជាអ្នកនយោបាយទេ គឺជាមនុស្សបច្ចេកទេសសុទ្ឋសាត យល់លើការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ និងសេដ្ឋកិច្ចច្បាស់លាស់ ជាមនុស្សមានផែនការ និងយល់ស្ថានការល្អឥតខ្ចោះ៕