ភ្នាក់ងារអចលនទ្រព្យម្នាក់ បានបង្ហាញពីភាពយឺតយ៉ាវក្នុងការបំរើសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងការរត់ប្លង់ផ្ទេរកម្មសិទ្ធិគ្រប់អចលនទ្រព្យផ្ទុយពីច្បាប់កំណត់។
តាមរយៈទំព័រហ្វេសលោក ផុន ច័ន្ទសក្តិ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ សនស័ក្តិ បានបង្ហោះសារត្អួញត្អែលពីភាពយឺតយ៉ាវក្នុងការបំរើសេវាសាធារណៈរបស់ក្រសួងដែនដី ខណៈដែលលោកជាភ្នាក់ងារអចលនទ្រព្យ ជាទូទៅ តែងទទួលរត់ប្លង់ផ្ទេរកម្មសិទ្ធិគ្រប់អចលនទ្រព្យដែលបានលក់ចេញ។
លោកបានលើកឡើងថា ជាបទពិសោធន៍កន្លងមក រយៈពេលរត់ប្លង់ (ចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ) គឺមានភាពយឺតយ៉ាវ លើសរយៈពេលអតិបរមាដែលច្បាប់បានកំណត់។ លោកថា ភាពយឺតយ៉ាវនេះ មិនគួរកើតមានសោះឡើយ ព្រោះនេះគឺ ពលរដ្ឋយកលុយទៅបង់ជូនរដ្ឋ ពលរដ្ឋបានព្យាយាមបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់ បង់សេវា បង់ពន្ធ ដើម្បីរដ្ឋមានថវិកាគ្រប់គ្រាន់ ទាន់ពេលវេលា ដើម្បីអភិវឌ្ឍប្រទេស។
លោកអះអាងថា មិនគួរមានហេតុផល ឬលេស គាំភាពយឺតយ៉ាវ ខុសពីច្បាប់កំណត់សោះឡើយ ផ្ទុយទៅវិញ ក្រសួងនិងមន្ទីរ គួរចាត់វិធានការគ្រប់យ៉ាង ដើម្បីបំរើសេវាសាធារណៈនេះ អោយបានទាន់ពេលវេលា ដែលច្បាប់បានកំណត់។
យ៉ាងណា អ្នកភ្នាក់អចលនទ្រព្យរូបនេះ បានបង្ហាញថា ឯកសារដែលលោកបានដាក់ចូលមន្ទីរដែនដី នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២២។ មន្ទីរបានប្រើពេល ១០ថ្ងៃនៃថ្ងៃធ្វើការ ដើម្បីរួចរាល់បញ្ជូនបន្តទៅអគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី ១ ខែមីនា ឆ្នាំ២០២២។ បន្ទាប់ពីបង់ពន្ធរួចរាល់ ឯកសារត្រូវបានវិលត្រឡប់ដាក់ចូលមន្ទីរដែនដីវិញនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ មកទល់នឹងព្រឹកថ្ងៃនេះ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ គឺមន្ទីរដែនដីប្រើរយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ។ សរុបរយៈពេលដែលមន្ទីរដែនដីប្រើប្រាស់ទាំងអស់មកទល់ពេលនេះ គឺ ២៥ ថ្ងៃនៃថ្ងៃធ្វើការ។
តាមខ្លឹមសារប្រកាសអន្តរក្រសួងលេខ ៣៥៦ ចុះថ្ងៃទី២៦ មីនា ឆ្នាំ២០១៩ រយៈពេលអតិបរមាសម្រាប់ការចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិអចលនវត្ថុ គឺ ១៥ថ្ងៃនៃថ្ងៃធ្វើការ។ ដោយឡែក ចំពោះឯកសាររបស់លោក ផុន ច័ន្ទសក្តិ មកទល់ពេលនេះ គឺ ២៥ថ្ងៃនៃថ្ងៃធ្វើការ រួចទៅហើយ តែឯកសារនៅមិនទាន់រួចរាល់ចេញពីមន្ទីរដែនដីនៅឡើយ។
លោកបញ្ជាក់ថា មួយរយៈមុន មន្ទីរដែនដី បានចេញបង្កាន់ដៃទទួលពាក្យ ដែលបញ្ជាក់ពីកាលបរិច្ឆេទដែលត្រូវទទួលឯកសារត្រឡប់ទៅវិញ។ ចំណុចនេះ ជាការល្អ ព្រោះវាបង្ហាញពីតម្លាភាព និងភាពដែលអាចព្យាករណ៍ទុកបាន (Predictability) នៅក្នុងដំណើរការការងារ។ តែមួយរយៈចុងក្រោយនេះ ក្នុងបង្កាន់ដៃទទួលពាក្យ ពុំមានកំណត់ថ្ងៃដែលត្រូវមកទទួលត្រឡប់ឯកសារនោះទេ។ នេះគឺជាការដើរថយក្រោយរបស់មន្ទីរដែនដី៕