អ្នកពាក់ព័ន្ធក្នុងវិស័យការងារ ស្នើឱ្យម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ទប់ស្កាត់ជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ(ILO) កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងការអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដា ស្ដីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ដល់កម្មករនិយោជិតតាមរោងចក្រ សហគ្រាស ជាពិសេសវិស័យសំណង់ វិស័យទេសចរណ៍ និងសេវាកម្សាន្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ទេព សុភ័ណ ប្រធានគ្រប់គ្រងទូទៅនៃ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានបង្ហាញចំណាប់អារម្មណ៍ចំពោះការរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដានេះ ដើម្បីឱ្យសហគ្រាស គ្រឹះស្ថានត្រៀមខ្លួនក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទកូវីត-១៩ ។

ជាងនេះទៅទៀត លោកបានបញ្ជាក់ថា កន្លងមក សមាគមរបស់លោក បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងផ្សព្វផ្សាយគោលការណ៍ប្រតិបត្តិស្តង់ដានេះ ដល់សមាជិករបស់ខ្លួនផងដែរ។

ជាមួយគ្នានេះ លោក John Ritchotte តំណាងអង្គការអន្តរជាតិខាងការងារ បានលើកឡើងដែរថា ការរៀបចំនូវគោលការណ៍ប្រតិបត្តិស្ដង់ដានេះ និងលើកទឹកចិត្តឱ្យមានកិច្ចសន្ទនាសង្គមក្នុងការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា ជាពិសេសរវាងកម្មករនិយោជិត និយោជក រាជរដ្ឋាភិបាល និងអង្គការដែលជាដៃគូពាក់ព័ន្ធ។

ចំណែក ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ក៏បានគូសបញ្ជាក់អំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើកម្មករនិយោជិត និង សេដ្ឋកិច្ចជាតិទាំងមូល។ ទន្ទឹមនឹងនោះលោកបានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវអនុវត្ត ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ។

ទោះបីជាយ៉ាងណា ភាគីខាងរដ្ឋាភិបាលកម្ពុជា លោក ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ ក៏បានគូសបញ្ជាក់ពីជោគជ័យនៃយុទ្ធសាស្ត្រ ផ្ការីក របស់រាជរដ្ឋាភិបាលដែលបានជំរុញយុទ្ធនាការនៃការផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនគ្រប់ស្រទាប់ គ្រប់វ័យ និងកម្មករនិយោជិត រួមជាមួយនឹងការជំរុញឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានសុខាភិបាលឱ្យបានម៉ឺងម៉ាត់គ្រប់ពេល។ លោកបន្ថែមទៀតថា កត្តាទាំងនេះនឹងរួមចំណែកកាត់បន្ថយហានិភ័យ និងអត្រាស្លាប់របស់ប្រជាជន ដែលប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាប្រទេសទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការនានា ដើម្បីឆ្លើយតបនូវបញ្ហានៃជំងឺកូវីដ-១៩នៅកន្លែងធ្វើការជាមួយនឹងវិធានការសុខាភិបាល ដើម្បីបន្តការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងនោះ ក្រសួងបានដាក់ចេញឱ្យអនុវត្តនូវគោលការណ៍ប្រតិបត្តិស្ដង់ដា ស្ដីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទកូវីដ-១៩ សំដៅបន្តឆ្លើយតប និងធានានូវការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ធានាបាននូវនិរន្តភាព ច្រវ៉ាក់ផលិតកម្ម អាជីវកម្ម រោងចក្រ សហគ្រាស រួមនឹងស្ថិរភាពការងារ និងប្រាក់ចំណូលរបស់កម្មករនិយោជិត៕