ភាគហ៊ុនរបស់ Netflix ធ្លាក់ចុះខ្លាំង ក្រោយបាត់បង់អតិថិជន ដោយសារមូលហេតុចម្បង ២ នេះ

អន្តរជាតិ

ភាគហ៊ុនរបស់ក្រុមហ៊ុន Netflix បានធ្លាក់ចុះរហូតដល់ ១ភាគ៤ នៃតម្លៃរបស់ពួកគេ កាលពីថ្ងៃអង្គារ បន្ទាប់ពីបានប្រកាស អំពីការធ្លាក់ចុះខ្លាំងនៃអតិថិជនរបស់ខ្លួន នៅក្នុងត្រីមាសទីមួយ ឆ្នាំ ២០២២ នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង វាជាលើកដំបូងហើយ ក្នុងរយ:ពេលមួយទសវត្សរ៍ចុងក្រោយ ដែលក្រុមហ៊ុនផ្តល់សេវាស្រ្ទីមភាពយន្តឈានមុខគេមួយនេះ បានបាត់បង់អតិថិជន ស្របពេល Netflix បានដាក់ការស្តីបន្ទោស ទៅលើការផ្អាកសេវាកម្មខ្លួន នៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជាការចែករំលែកពាក្យសំងាត់ របស់អ្នកប្រើប្រាស់ផងដែរ ។

គួរឱ្យដឹងថា ក្រុមហ៊ុន Netflix បានបញ្ចប់ត្រីមាសទីមួយ ឆ្នាំនេះ ជាមួយនឹងអតិថិជន ២២១,៦ លាននាក់ ដែលជាចំនួនតិចជាងត្រីមាសចុងក្រោយ នៃឆ្នាំមុខបន្តិច ។ ​

បន្ថែមពីនេះ ភាគហ៊ុនរបស់ Netflix បានធ្លាក់ចុះច្រើនជាង ២៥% មកនៅត្រឹម ២៥៩,៣០ ដុល្លារ នៅក្នុងការទិញដូរចុងក្រោយនៃទីផ្សារ ពោលគឺបន្ទាប់ពីមានការចេញផ្សាយតួលេខប្រាក់ចំណូល និងការធ្លាក់ចុះអតិថិជនរបស់ក្រុមហ៊ុន ។

លើសពីនេះ ក្រុមហ៊ុន Netflix ជឿជាក់ថាកត្តាដែលបានរារាំងកំណើនរបស់ខ្លួន គឺបណ្តាលមកពីអតិថិជន បានចែករំលែកពាក្យសំងាត់គណនីរបស់ពួកគេ ជាមួយមនុស្សដែលមិនរស់នៅក្នុងផ្ទះតែមួយ ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបានប៉ាន់ប្រមាណថា ខណៈពេលដែលអ្នកប្រើប្រាស់មាន ២២២ លានគ្រួសារ ដែលបានបង់ថ្លៃសេវាសម្រាប់គណនី គឺត្រូវបានចែករំលែកជាមួយគ្រួសារជាង ១០០ លានផ្សេងទៀត ដែលមិនបានបង់ថ្លៃសេវា ៕

ប្រភព: Bangkok Post