សណ្ឋារគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ សហការជាមួយនិង Tribe Art Cambodia សម្រាប់ការវិលត្រឡប់ជាលើកទី២មកកាន់ទឹកដីនៃប្រទេសកម្ពុជា គឺលោក Carne Griffiths នៅក្នុងកម្មវិធីរាត្រីស្រមោលសរ Cambodia’s first St. George’s Day Ball ការតាំងបង្ហាញរូបគំនូរ និងការគូសគំនូររូប ម្ចាស់ក្សត្រី Elizabeth II ដោយផ្ទាល់ពីលោក Griffiths ដើម្បីប្រារព្ធ និងអបអរសាទរដល់ ម្ចាស់ក្សត្រី ដែលគ្រងរាជ្យយូរបំផុតក្នុងប្រវត្តិសាស្ត្រនៃចក្រភពអង់គ្លេស ជាប្រមុខនៃប្រជាជាតិអស់រយៈពេល៧០ឆ្នាំដ៏រុងរឿង។
កាលពីឆ្នាំ ២០១៩ លោក Carne Griffiths បានបង្ហាញស្នាដៃគូសគំនូរនៃ សម្ដេចរាជបុត្រី ទ្រង់ព្រះរាម អ្នកអង្គម្ចាស់នរោត្តម បុប្ផាទេវី ដែលមានក្បូរក្បាច់រចនាបង្កប់នូវអត្តន័យដ៏អស្ចារ្យ ផ្ទាំងគំនូរនេះត្រូវបានដាក់តាំងបង្ហាញនៅក្នុងសណ្ឋារគារដ៏ប្រណិតលំដាប់ផ្កាយប្រាំ ផាក ហៃយ៉ាត់ ខេត្តសៀមរាប។
លោក Griffiths ជាវិចិត្រករដៃឯក ដោយទេពកោសល្យសិល្បៈនៃការគូសគំនូរ ដោយប្រើទឹកតែជាចម្បង មកធ្វើជាទឹកថ្នាំសម្រាប់គូស ការសរសេរអក្សរផ្ចង់ និងក្រាហ្វិចជាដើម។ គំនូររបស់លោកគូរសុទ្ធតែបង្កប់នូវគោលគំនិតដ៏អស្ចារ្យ ជាពិសេសទាក់ទងនឹងការស្វែងយល់ពីទម្រង់រូបមនុស្ស លក្ខណៈធរណីមាត្រ និងទម្រង់បែបផ្កា ដោយមានការរួមបញ្ជូលគ្នានៃព្យញ្ជនៈ និងភាពអរូបី។
ភាគច្រើន សិល្បៈនៃផ្ទាំងគំនូរនីមួយៗរបស់លោក ជាប់ទាក់ទងនឹងអ្វី លោកបានជួបប្រទះក្នុងស្ថានភាពរស់នៅគ្រប់យ៉ាង ដែលបានកើតឡើងនៅជុំវិញខ្លួនរបស់លោក។
ការចងក្រងរូបភាពនេះកើតឡើងពីក្តីសុបិន្តឥតព្រំដែនរបស់លោក ហើយបានបង្កើតនូវផ្ទាំងគំនូរបង្កប់ខ្លឹមសារពោរពេញដោយសេរីភាព រួមទាំងផ្តោតទៅលើទិដ្ឋភាពនៃភាពស្ញប់ស្ញែង និងភាពអស្ចារ្យ ក៏ដូចជាការបង្ហាញពីអារម្មណ៍នៃការលះបង់ចោលអ្វីមួយ ដើម្បីចាប់យកអ្វីមួយដែលថ្មី និងការស្វែងរកអាណាចក្រថ្មី និងកាន់តែអស្ចារ្យគ្មានដែនកំណត់។
ដោយឡែក សម្រាប់កម្មវិធីរាត្រីស្រមោលសរ និងពិសារភោជនីយអាហារពេលល្ងាច នឹងរៀបចំនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ – St. Georges Day Ball in the Regency Ballroom ក្នុងសាលហៃយ៉ាត់
- តម្លៃសំបុត្រ ១១៥ដុល្លារ ក្នុងម្នាក់ (អាហារឈុត៤មុខ ភេសជ្ជៈ និងទស្សនីយភាពគូសគំនូររូប ម្ចាស់ក្សត្រី Elizabeth II ដោយលោក Griffiths)
- ចាប់ពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី ១៥ ខែឧសភា – សូមអញ្ជើញទស្សនាការតាំងពិពណ៌សិល្បៈគំនូរដោយសេរី នៅក្នុងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ
- សម្រាប់ថវិការដែលទទួលបានពីកម្មវិធីរាត្រីស្រមោលសរ នឹងត្រូវបរិច្ចាគជូនទៅមូលនិធិ Terry McIlkenny Foundation ដែលផ្តល់អាហារូបករណ៍ផ្នែកសិល្បៈនៅអង្គការ ហ្វារពន្លឺសិល្បៈ។