កាលពីពេលថ្មីៗនេះ មានដំណឹងល្ហៀងៗមកថា ស្ថាប័នមូលនិធិរូបិយប័ណ្ណអន្តរជាតិហៅកាត់ IMF បាននឹងកំពុងសិក្សា និងពិចារណាក្នុងការផ្ដល់ជំនួយទៅកាន់ប្រទេសស្រីលង្កា បន្ទាប់ពីប្រទេសនៅអាស៊ីខាងត្បូងមួយនេះស្នើសុំជំនួយហិរញ្ញវត្ថុ។
ទន្ទឹមនឹងនោះ ក្រៅពី IMF លោក Ali Sabry ដែលជាមន្ត្រីហិរញ្ញវត្ថុប្រចាំប្រទេសស្រីលង្កាក៏បានសុំណាត់ជួបជាមួយធនាគារពិភពលោក World Bank និងក្រុមការងារឯកជនរបស់ពួកគេផង ក្នុងគោលបំណងសុំអន្តរាគមន៍ផ្នែកសេដ្ឋកិច្ចដែលកំពុងស្ថិតនៅស្ថានភាពលំបាកលំបិន។
“កិច្ចពិភាក្សាគឺបានផ្ដោតសំខាន់ទៅលើជំនួយ និងមធ្យោបាយក្នុងការស្ដារសេដ្ឋកិច្ចឲ្យមានស្ថិរភាពឡើងវិញ ហើយស្ថាប័នទាំងពីរបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយរដ្ឋាភិបាលស្រីលង្កា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព ដើម្បីគាំទ្រ និងពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា”។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុខាងលើ។
បញ្ជាក់ដែរថា ធនាគារពិភពលោកបានផ្ដល់គម្រោងជំនួយហិរញ្ញវត្ថុ និងជំនួយបន្ទាន់អំឡុងពេលស្រីលង្កាជួបវិបត្តិកូវីដ ១៩ ហើយបច្ចុប្បន្នស្រីលង្កាក៏កំពុងស្នើសុំថវិកាបន្ថែមក្នុងការទិញយកជី និងថ្នាំសង្កូវសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសផងដែរ៕
ប្រភព: Economynext