រដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធវាយតម្លៃហានិភ័យ អ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System-GTAS) ដើម្បីចូលរួមទប់ស្កាត់បទល្មើសឆ្លងដែន និងជំរុញកំណើនភ្ញៀវទេសចរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២១ ខែមេសានេះ។
ក្នុងនាមរាជរដ្ឋាភិបាល ការប្រកាសដាក់អនុវត្តជាផ្លូវការនូវការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស ដែលជាជំនួយគាំទ្រហិរញ្ញប្បទាន សហប្រតិបត្តិការបច្ចេកទេស និងការបណ្ដុះបណ្ដាល របស់អង្គការគយពិភពលោក គឺដើម្បីចូលរួមទប់ស្កាត់បទល្មើសឆ្លងដែន តាមបណ្ដាអាកាសយានដ្ឋានអន្តរជាតិ និងជំរុញកំណើនភ្ញៀវទេសចរ។
សេចក្តីប្រកាសដដែលបានឲ្យដឹងថា ការសម្រេចបាននូវសមិទ្ធផលនេះ គឺជាជោគជ័យថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា លើការអនុវត្តភារកិច្ចរបស់ខ្លួន ស្របតាមកម្មវិធីសន្តិសុខរបស់អង្គការគយពិភពលោក ក្នុងការប្រើប្រាស់ព័ត៌មាន API/PNR ដើម្បីត្រួតពិនិត្យការធ្វើដំណើរ របស់បុគ្គលមានហានិភ័យខ្ពស់ទាំងឡាយ ដែលស្ថិតក្រោមស្មារតីសេចក្តីសម្រេចជាបន្តបន្ទាប់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ដែរថា ការអនុវត្តប្រព័ន្ធដែលជាឧបករណ៍បច្ចេកវិទ្យាថ្មី របស់រាជរដ្ឋាភិបាលក្នុងពេលនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីតភ្ជាប់ និងបញ្ជូនទិន្នន័យព័ត៌មានអ្នកដំណើរជាមុន និងកំណត់ត្រាឈ្មោះអ្នកដំណើរ ពីបណ្ដាក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ហោះហើរចេញ-ចូលកម្ពុជា មកកាន់ប្រព័ន្ធ GTAS ឆ្លងកាត់តាមថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ដែលស្ថាប័នមានសមត្ថកិច្ច អាចប្រើប្រាស់ដើម្បីវិភាគហានិភ័យ តាមតួនាទីនិងភារកិច្ចរៀងៗខ្លួន។
មិនតែប៉ុណ្ណោះ ប្រព័ន្ធនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជាបង្កើនប្រសិទ្ធភាពការងាររបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ចូលរួមទប់ស្កាត់បទល្មើសឆ្លងដែន តាមបណ្ដាអាកាសយានដ្ឋានអន្តរជាតិ, ចូលរួមប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម, ចូលរួមប្រឆាំងនឹងចរាចរណ៍គ្រឿងញៀន, លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មស្របច្បាប់ និងចូលរួមជំរុញរំហូរភ្ញៀវទេសចរ, មិនតម្រូវឱ្យយកកម្រៃសេវាពីភ្ញៀវទេសចរ និងមិនតម្រូវឱ្យបន្ថែមបន្ទុកចំណាយថវិការដ្ឋ ដែលជាការចូលរួមគាំទ្រដល់ ផែនទីចង្អុលផ្លូវ ស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញកាលពីពេលថ្មីៗកន្លងមក ៕ អត្ថបទ៖រង្សី