សមាគមសហគ្រិនស្ត្រីកម្ពុជា លើកបញ្ហាប្រឈម ៣ចំណុចឲ្យក្រសួងឧស្សាហកម្មជួយដោះស្រាយ

សង្គម​ និង​សេដ្ឋកិច្ច

សមាគមសហគ្រិនស្ត្រីកម្ពុជា ដឹកនាំដោយឧកញ៉ា កែវ មុំ បើកកិច្ចប្រជុំប្រចាំត្រីមាសទី ១ ជាមួយឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងរកដំណោះស្រាយជាក់ស្តែងទៅលេីបញ្ហាប្រឈមរបស់រោងចក្រ សហគ្រាស និងក្រុមហ៊ុន ដែលស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចប្រជុំនេះ បានរកឃើញបញ្ហាប្រឈមចំនួន ៣ ចំណុច គឺទី១-បុគ្គលិកខ្វះជំនាញ និងប្រាក់ឈ្នួលខ្ពស់ ទី២-មានការលំបាកក្នុងការទទួលកម្ចីពីធនាគារ និងទី៣-ផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ លើអាជីវកម្ម។

ឆ្លើយតបចំពោះបញ្ហានេះ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំឲ្យមានការអភិវឌ្ឍអាជីវកម្មតាមបទដ្ឋានបច្ចេកទេស ការសន្សំសំចៃថាមពល អនុវត្តឧស្សាហកម្ម បៃតង ជាពិសេស ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់បុគ្គលិក និងនយោជិក ឲ្យមានចំណេះជំនាញស្របនឹងមុខសញ្ញាការងាររបស់ខ្លួន។

ដោយឡែក ទាក់ទងនឹងការលំបាកទទួលបានប្រាក់កម្ចីពីធនាគារ ឯកឧត្តម ចម ប្រសិទ្ធ បានលេីកឡេីងពីការខិតខំរបស់រាជរដ្ឋាភិបាលនិងក្រសួង ស្ថាប័ន ពាក់ព័ន្ធបង្កេីតឲ្យមានធនាគារ SME ធនាគារអភិវឌ្ឍជនបទជាដេីម ដេីម្បីសហគ្រាសទទួលបាន ប្រាក់កម្ចីដែលមានការប្រាក់ទាប ។

ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានកោតសរសេីរចំពោះភាពរីកចម្រេីន និងធនធានមនុស្សជាស្ត្រីដែលមានសហគ្រិនភាពដ៏ឆ្នេីមនៅក្នុងក្រុមហ៊ុន សហគ្រាស របស់ខ្លួន ហេីយបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ លោកជំទាវ ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានសម្តែងនូវទឹកចិត្តរីករាយដល់ក្រសួងឧស្សាហកម្ម ដែលតែងយកចិត្តទុកដាក់ហេីយតែងផ្តល់ដំណោះស្រាយ និងអនុសាសន៍ណែនាំល្អៗ ដល់សមាគមជានិច្ច ដែលនេះជាមូលដ្ឋានជួយឲ្យសមាគមកាន់តែមានភាពរឹងមាំមួយកំរិតទៀត ។

សូមជម្រាបថា ចំពោះបញ្ហាផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ លើធុរកិច្ច កន្លងមកក្រសួងឧស្សាហកម្ម បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់សមត្ថភាពសហគ្រិនជាស្ត្រីតាមប្រព័ន្ធ បច្ចេកវិទ្យាឌីជីថលសម្រាប់អាជីវកម្មទាំង២៥រាជធានីខេត្ត ។ ជាមួយគ្នានេះក៏មានការបេីកវគ្គបណ្តុះបណ្តាល បច្ចេកទេស ដើម្បីជួយស្តារ និងលើកស្ទួយអាជីវកម្មឡើងវិញ ទៅតាមរបត់ថ្មីនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាច្រើនផងដែរ ។

ទាក់ទងនិងការខ្វះទីតាំងសម្រាប់តាំងបង្ហាញផលិត ផលស្នាដៃខ្មែរ ឯកឧត្តមរដ្ឋមន្រ្តី អនុញ្ញាតឲ្យសមាគមយកផលិតផលរបស់ខ្លួន មកតាំងនៅទីតាំងទីស្តីការក្រសួង នៅពេលអគារថ្មីកំពស់១៨ជាន់នឹងសាងសង់រួចនាពេលខាងមុខ៕