ប្រទេសស្រីលង្កា បានជំរុញឱ្យពលរដ្ឋរបស់ខ្លួន ដែលរស់នៅក្រៅប្រទេស ផ្ញើលុយត្រលប់មកស្រុកកំណើតវិញ ដើម្បីជួយទូទាត់ថ្លៃអាហារ និងប្រេងឥន្ធន: ដែលកំពុងតែមានតម្រូវការខ្លាំង ក្រោយរដ្ឋាភិបាលប្រកាសថា គ្មានលទ្ធភាព ក្នុងការសងបំណុលបរទេស ដែលខ្លួនបានជំពាក់ចំនួន ៥១ ពាន់លានដុល្លារ នោះឡើយ ។
ជាក់ស្តែង ប្រទេសដែលស្ថិតនៅអាស៊ី ខាងត្បូងមួយនេះ កំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីទទួលបានឯករាជ្យពេញលេញពីប្រទេសអង់គ្លេស នៅឆ្នាំ ១៩៤៨ ជាមួយនឹងកង្វះខាតយ៉ាងធ្ងន់ធ្ងរ ចំពោះទំនិញសំខាន់ៗជាច្រើន រួមទាំងការដាច់ចរន្តអគ្គិសនីជាប្រចាំ ដែលបង្កឱ្យមានផលលំបាកដល់ប្រជាជនជាទីបំផុត ។
ទន្ទឹមនឹងនេះ អាជ្ញាធរ កំពុងតែទទួលរងនូវភាពខឹងសម្បារយ៉ាងខ្លាំង ពីសាធារណ:ជន ដោយថែមទាំងផ្ទុះការតវ៉ា ទាមទារឱ្យរដ្ឋាភិបាលលាលែងចេញពីតំណែងទៀតផង មុនពេលមានការចរចារ សម្រាប់ជំនួយថវិកាសង្រ្គោះបន្ទាន់ ពីសំណាក់មូលនិធិរូបិយវត្ថុអន្តរជាតិ ។
យ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ ទេសាភិបាលធនាគារកណ្តាល លោក Nandalal Weerasinghe បាននិយាយថា គាត់ត្រូវការប្រជាជនស្រីលង្កា ដែលរស់នៅបរទេស ដើម្បីជួយប្រទេស នៅក្នុងដំណាក់កាលដ៏លំបាកនេះ ជាមួយនឹងការបរិច្ចាគរូបិយប័ណ្ណបរទេស ដែលកំពុងមានតម្រូវការខ្លាំង ។
គួរឱ្យដឹងថា ការអំពាវនាវនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាល បានប្រកាសថា ខ្លួនកំពុងផ្អាកការសងបំណុលខាងក្រៅប្រទេសទាំងអស់ ដើម្បីយកថវិកាសេសសល់មកបំពេញការផ្គត់ផ្គង់ប្រេង ឱសថ និងទំនិញចាំបាច់ផ្សេងទៀត ៕
ប្រភព: CNA